រាជធានីភ្នំពេញ ៖ សកម្មជនបឹងកក់ត្រូវបានសមត្ថកិច្ចចាប់ញាត់ចូលក្នុងឡាន នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ ខណៈពេលដែលក្រុមប្រជាពលរដ្ឋទាំងនោះ នាំគ្នាហែញត្តិ ទៅកាន់ស្ថានទូតបារាំង ដើម្បីឲ្យជួយអន្តរាគមន៍ដោះលែង សកម្មជនបឹងកក់សកម្មជនសហជីព កម្មករចំនួន ១០ នាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនអំឡុងពេលធ្វើបាតុកម្ម ។
ប្រភពពីអ្នកពីអ្នកភូមិបឹងកក់ឲ្យដឹងថា អ្នកទាំង៥នាក់ដែលសមត្ថកិច្ចធ្វើការចាប់ខ្លួននោះមានឈ្មោះ ទេព វនី្ន យ៉ោម បុប្ផា សុង ស្រីលាភ ផាន់ ឈុនវ៉េត និង បូ ឆវី។ ពួកគេត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ប្រភពដដែលឲ្យដឹងថា អ្នកទាំង ៥នាក់ បានធ្វើដំណើរទៅស្ថានទូតបារាំង ដើម្បីដាក់ញត្តិទាមទារឲ្យតុលាការដោះលែងក្រុមកម្មករដែលប៉ូលិសចាប់ ខ្លួនកន្លងមក។ ក៏ប៉ុន្តែនៅពេលអ្នកទាំង៥ ដើរតាមផ្លូវ ស្រាប់តែមានឡានឈ្នួលប្រភេទ ១២កៅអី ចតចាំនៅកណ្ដាលផ្លូវ រួចក៏មានមនុស្សចាប់បង្ខំរុញអ្នកទាំង ៥ ចូលឡានតែម្ដង ដោយមិនដឹងថាចាប់យកទៅឃុំនៅទីណា ហើយមិនដឹងថា ប៉ូលិស ឬសមត្ថកិច្ចណាចាប់ខ្លួនឡើយ។
ជាមួយគ្នា នោះដែរ ក្រុមសណ្តាប់ធ្នាប់ របស់ខណ្ឌដូនពេញ ក៏បានរករឿង គំរាមសម្លុត ដល់អ្នកកាសែតមិនឲ្យយកព័ត៌មានផងដែរ។ ចំណែកសកម្មជនបឹងកក់ដទៃទៀត បានត្រូវអាជ្ញាធរបំបែកចេញមិនឲ្យមានការប្រមូលផ្តុំនោះទេ។ ក្នុងប្រតិបត្តិការនេះដែរក៏មានវត្តមាន លោកព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ ចូលរួមផងដែរ៕

រូបថត(RFA)