ប្រទេសថៃ ៖ យោងតាមកាសែត The Nation បានឲ្យដឹងថា ក្រុមបាតុករនឹងធ្វើ “សមយុទ្ធ” ៣ លើក នៅថ្ងៃទី០៥, ០៧ និង ០៩ មករា ដើម្បីឈានដល់ការបង្កកសកម្មភាពទាំងស្រុង នៃទីក្រុងនេះ នៅថ្ងៃទី១៣ មករា ។តាមមេក្លោងបាតុករ សូថេប, គេនឹងឡោមព័ទ្ធផ្លូវបំបែកសំខាន់ៗចំនួន ២០ ក្នុងរដ្ឋធានី ហើយអះអាងថា ការជាប់គាំងចរាចរនៅថ្ងៃទី១៣ មករា ជារូបភាព១ដែលពួកគេចង់ឃើញ ។
ខណៈពេលដែលភាគីជម្លោះ រវាងគណបក្សធំៗ ២ ពុំទាន់រកច្រកចេញឃើញនោះខឿនសេដ្ឋកិច្ចរបស់ថៃ បានចាប់ផ្តើមរងឥទ្ធិពលធ្ងន់ធ្ងរពីវា ហើយជាអាថ៌ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានលុបចោលការហោះហើរចំនួន ១៩ ជើង ទៅកាន់ទីនោះនៅបណ្តាសប្តាហ៍ក្រោយ រីឯប្រាក់បាតទទួលកំរិតអតិផរណា ៦,៨% ។ ស្របពេលជាមួយគ្នានេះ ដំណើរទេសចរណ៍ជាច្រើនទៅកាន់ទីលំហែកម្សាន្តដូចជាៈ ភូកេត, ឈៀងម៉ៃ… ត្រូវបានលុបចោលផងដែរ ។
មានប្រទេសជាង ៥០ ហើយ បានប្រកាសព្រមានពលរដ្ឋរបស់គេ កុំឲ្យទៅកាន់ប្រទេសនេះ ក្នុងខណៈពេលបច្ចុប្បន្ន ។ ភ្ញៀវទេសចររុស្ស៊ី និង ចិន ដែលជាទីផ្សារទេសចរណ៍ធំជាងគេរបស់ថៃ បានថយបរិមាណភ្ញៀវដល់ទៅ ៣០% ក្នុងឆ្នាំ២០១៣ ។
ប្រធានសមាគមទេសចរណ៍ថៃ ពោលទាំងហួសចិត្តថា ភ្ញៀវទេសចរប្រមាណ ១០០,០០០ នាក់ ដែលមានបំណងមកកាន់ប្រទេសថៃ ក្នុងខែនេះ នឹងលុបចោលផែនការរបស់ពួកគេ ប្រសិនបើ “បាងកក” ត្រូវបានបិទទ្វា ៕