រាជធានីភ្នំពេញ ៖ បាត់មុខមួយរយៈពីកញ្ចក់ទូរទស្សន៍ក្នុងស្រុក ឥឡូវនេះស្ថានីយទូរទស្សន៍ខេមរភូមិន្ទប៉ុស្តិ៍លេខ ៥ បានចាប់ផ្ដើមចាក់ផ្សាយភាពយន្តភាគរបស់ថៃជាថ្មីនៅមួយរយៈកាលចុងក្រោយនេះ ខណៈដែលស្ថានីយដទៃទៀតកំពុងតែពេញនិយមភាពយន្តចិន ឬកូរ៉េនោះ។ នេះមិនមែនជារឿងថ្មីទេសម្រាប់បណ្ដាប៉ុស្តិ៍ទូរទស្សន៍នៅក្នុងប្រទេសកម្ពុជា ព្រោះធ្លាប់បានក្លាយជាទីពេញនិយមបំផុតក្នុងស្រទាប់មហាជនខ្មែរនៅ អំឡុងទសវត្ស ១៩៩០។
ការហូរចូលយ៉ាងភ្លូកទឹកភ្លូកដីនៃភាពយន្តបរទេសពេលនោះ ជាដើមចមនាំឲ្យវិស័យភាពយន្តខ្មែរត្រូវសន្លប់ស្ដូកស្ដឹង ដោយផលិតករទាំងអស់ហាក់ដូចជាសោះអង្គើយលើការបង្កើតភាពយន្តខ្លួនឯង ដើម្បីបម្រើអារម្មណ៍ទស្សនិកជនក្នុងស្រុក ។ ចំណែកស្ថានីយទូរទស្សន៍នានាក៏មិនបានផលិតភាពយន្តដើម្បីចាក់ផ្សាយផ្ទាល់ខ្លួននោះឡើយដោយរង់ចាំខ្ចីដង្ហើមគេដកប៉ុណ្ណោះ និងស្វែងរកពាណិជ្ជកម្មទ្រទ្រង់ការផ្សាយ។ កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០០៣ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការចាក់ផ្សាយគ្រប់ភាពយន្តរបស់ថៃនៅគ្រប់ស្ថានីយទូរទស្សន៍ខ្មែរទូទាំងប្រទេសកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ។
អន្តរកាលនេះបានធ្វើឲ្យវិស័យភាពយន្តក្នុងស្រុកចាប់ផ្ដើមកម្រើកឡើងវិញ ដោយមានផលិតករភាគច្រើនងាកមកថតភាពយន្តផ្ទាល់ខ្លួនវិញ ដើម្បីប្រជែងជាមួយភាពយន្តរបស់កូរ៉េ ចិន ហុងកុង ឬឥណ្ឌាជាដើម។ ហើយចំនួននេះមានការកើនឡើងជាលំដាប់ និងមានផលិតករកាន់តែច្រើន ។ នៅមិនទាន់ដឹងនៅឡើយថា តើការចាក់ផ្សាយភាពយន្តថៃជាថ្មីរបស់ស្ថានីយទូរទស្សន៍ខាងលើបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ឬក្រសួងមន្ទីរដែលពាក់ព័ន្ធយ៉ាងណានោះ ។ មហាជនមួយចំនួនបានលើកឡើងថា ប្រសិនបើមានការអនុញ្ញាតជាទូទៅ ប្រហែលជាមិនយូរទេ នឹងមានការហូរចូលយ៉ាងភ្លូកទឹកភ្លូកដីដូចពីមុនដែលអាចជាឧបសគ្គមួយសម្រាប់ការអភិវឌ្ឍវិស័យភាពយន្តខ្មែរមិនខាន ។
ប៉ុន្តែបើយោងតាមឯកឧត្ដម ស៊ិន ចន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ ធ្លាប់បានមានប្រសាសន៍ថា លោកកំពុងមានផែនការជាច្រើនដើម្បីអភិវឌ្ឍវិស័យភាពយន្តខ្មែរ។ ក្រសួងមានគម្រោងបង្កើតព្រឹត្តិការណ៍មួយចំនួនដើម្បីបណ្ដុះបណ្ដាល ជំនាញភាពយន្តដល់កូនខ្មែរជំនាន់ក្រោយ ដោយអញ្ជើញអ្នកជំនាញភាពយន្តមកចែករំលែកបទពិសោធន៍ធ្វើយ៉ាងណាឲ្យពូកគេមានសមត្ថភាពអាចប្រកួតប្រជែងបាន៕