ប្រទេសវៀតណាម ៖ តាមសេចក្តីរាយការណ៍របស់គេហទំព័រវៀតណាមដែលសរសេជាភាសាអង់គ្លេសឈ្មោះ ត្រ័យទ្រី បានឲ្យដឹងថា សត្វក្រពើបានធ្លាក់ពីរថយន្តក្រុងមួយនៅផ្លូវប្រសព្វកកកុញក្នុងទីប្រជុំជន១ នៃទីក្រុងហូជីមិញ ។ ប៉ូលីសបានរក្សាទុកសត្វនេះ បន្ទាប់វាបានរអិលធ្លាក់ចេញពីក្នុងរថយន្តក្រុង ២៥ កៅអី ១គ្រឿង ចូលទៅលើផ្លូវ១ កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ។
ការបង្ហាញរូបរាងមួយរំពេច នៃសត្វក្រពើនេះ បានធ្វើឲ្យមនុស្សជាច្រើន នៅក្នុងតំបន់កកកុញនោះ មានការភ័យបុកពោះគ្រប់ៗគ្នា ប៉ុន្តែ វាមិនបានគំរាមកំហែងមកលើមនុស្សទាំងនោះទេ ព្រោះ មាត់ និងជើងរបស់វា ត្រូវបានចងរឹតយ៉ាងតឹង ។ សត្វក្រពើជាប់ចំណងនេះ មានប្រវែងប្រហែល ២ ម៉ែត្រ និងទម្ងន់ជិត ៥០ គីឡូក្រាម ។
ប៉ូលីសបានយកក្រពើនេះ ទៅកាន់ការិយាល័យ និងសួរនាំតៃកុងរថយន្តក្រុងនោះ អំពីប្រភពដើមនៃសត្វនេះ ។ អ្នកបើកបររូបនោះ បាននិយាយថា ក្រពើ១ក្បាលនេះ គឺឈឺ ហើយគាត់កំពុងដឹកជញ្ជូនវាទៅកាន់កសិដ្ឋានក្រពើ Hao Ca នៅក្នុងស្រុក Thu Duc, HCMC ដើម្បីព្យាបាល ។
ទោះជាយ៉ាងណា, អ្នកបើកបរមិនបានបង្ហាញឯកសារណា១ ដែលទាក់ទងទៅនឹងសត្វនេះទេ, ដូច្នេះហើយ ទើបប៉ូលីសឃុំទុកសត្វក្រពើនេះ រហូតដល់តំណាងរមណីយដ្ឋានម្នាក់ ដែលជាម្ចាស់សត្វ ផ្តល់ឯកសារចាំបាច់គ្រប់គ្រាន់ដល់ពួកគេ ។ ប៉ូលីសបន្ទាប់មក ក៏អនុញ្ញាតឲ្យតៃកុងរថយន្តក្រុងនោះ បន្តដឹកសត្វក្រពើឈឺនេះ ទៅកាន់សកិដ្ឋានខាងលើ ដើម្បីព្យាបាលផងដែរ៕