ខេត្ដរតនគិរី ៖ ប្ដីនិងប្រពន្ធជាជនជាតិទំពូនរស់នៅដាច់ស្រយាលត្រូវជនមិនស្គាល់ មុខចូលប្លន់មាសនិងលុយ ហើយបានសម្លាប់ប្ដីចំណែកប្រពន្ធរង របួសធ្ងន់ធ្ងរកាលពីយប់ថ្ងៃទី១ខែមករា ឆ្នាំ២០១៤ នៅក្នុងភូមិត្រុម ឃុំឡាមិញ ស្រុកបកែវ ។
បុរសជាប្តីដែលត្រូវក្រុមចោរកាប់ស្លាប់នោះមានឈ្មោះ ទីន លូ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិទំពូន ប្រពន្ធឈ្មោះរូម៉ាមនីន អាយុ៥០ឆ្នាំ ជនជាតិទំពូន អ្នកទាំង២ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសេចក្ដីរាយការណ៍ នៅព្រឹកថ្ងៃទី២ ខែមករា ឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុម៉ោងប្រមាណ៨និង៣០នាទីយប់ ពេលដែលពួកគាត់២នាក់ប្តីប្រពន្ធរៀបនឹងចូលសម្រាន ស្រាប់តែមានមនុស្សមួយក្រុមមកគោះទ្វារ ហើយបានស្រែកសុំទឹកហូប ពេលដែលប្តីគាត់បើកទ្វារ ក្រុមមនុស្សទាំងនោះដែលមានគ្នា៣នាក់ បានវាយប្តីគាត់នឹងដំបង ក្រោយមកពួកគេបានកាប់ប្តីគាត់ពីក្រោយខ្នងចំកញ្ចឹងក បណ្តាលអោយស្លាប់។ ស្ត្រីរងគ្រោះបានបន្តទៀតថា ស្របពេលដែលមនុស្ស២នាក់ កំពុងប្រតាយប្រតប់ជាមួយប្តីគាត់ មនុស្សប្រុសម្នាក់ផ្សេងទៀត ក៏បានមកប្រតាយប្រតប់ជាមួយនឹងគាត់ដែរ ប៉ុន្តែជននោះបានរត់គេចចេញវិញ គ្រាដែលរូបគាត់បានខាំទៅលើប្រដាប់បន្តពូជរបស់ជនសង្ស័យ និងបានខាំកន្លែងផ្សេងទៀតជាច្រើនកន្លែង ដែលជាហេតុធ្វើអោយរូបគាត់មានឪកាសរត់ទៅប្រាប់អ្នកភូមិដែលមានទីលំនៅចម្ងាយប្រមាណ៥០០ម៉ែត្រពីផ្ទះរបស់គាត់។ ស្ត្រីរងគ្រោះបានអោយដឹងផងដែរថា ទ្រព្យសម្បត្តិដែលក្រុមចោរប្លន់យកទៅ រួមមាន ខ្សែកមាស ២ជី ប្រាក់រៀលខ្មែរ ចំនួន១៥ម៉ឺនរៀល ក្រវិលប្លាទីនមួយគូរតម្លៃ ៣៥ម៉ឺនរៀល៕