ប្រទេសថៃ ៖ កាលពីថ្ងៃទី ០១ មករា ២០១៤ ម្សិលមិញនេះ នាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា បានវិលត្រលប់មកពីធ្វើការឃោសនាស្វែងរកការគាំទ្រ នាភាគខាងជើងប្រទេសនេះ អស់រយៈពេល ១សប្តាហ៍កន្លងមក ។ នៅថ្ងៃដដែលលោកជំទាវរួមជាមួយមេបញ្ជាការកងទ័ព ប្រាយុទ្ធ ចាន់អូចារ ព្រមទាំងមន្ត្រីយោធាដទៃទៀត បានទៅជូនពរឧត្តមសេនីយ៍ Prem Tinsulanonda ប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រ ។
ព្រះមហាក្សត្រថៃ ក៏បានមានព្រះរាជបន្ទួលក្នុងការជូនពរឆ្នាំថ្មី ដោយអំពាវនាវដល់ពលរដ្ឋថៃ ទទួលបានសន្តិភាព និងការឯកភាព ។ ប៉ុន្តែ នៅពុំទាន់មានសញ្ញាណាមួយ បង្ហាញពីការឯកភាពនៅប្រទេសនេះនោះទេ ។
ព្រោះថា ខណៈពេលនេះដែរ នៅថ្ងៃដដែល មេក្លោងបាតុកម្ម សូថេប បានធ្វើការអំពាវនាវឲ្យមានព្យុហយាត្រាទ្រង់ទ្រាយធំ នៅថ្ងៃទី១៣ មករា សំដៅធ្វើឲ្យក្រុងបាងកក ទាំងមូល ត្រូវជាប់គាំង ។ តាមកាសែត The Nation ដែលដកស្រង់សម្តីរបស់លោក សូថេប នោះការព្យុហយាត្រា នឹងចាប់ផ្តើមវេលាម៉ោង ៩ ព្រឹក ហើយវេទិការថ្លែងការណ៍ នឹងត្រូវបានរៀបចំនៅតាមចំណុចផ្លូវបំបែកជាច្រើន ក្នុងរដ្ឋធានីប្រទេសនេះ ។
នៅថ្ងៃដដែលនេះដែរ អ្នកនាំពាក្យរបស់គណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំង លោក Chavanond Intarakomalyasut ប្រកាសថា គណបក្សនេះ នឹងដំណើរការចរចារជាមួយបណ្តាអង្គការ និងកងកម្លាំងសង្គម នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ ៕