ខេត្ដសៀមរាប ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍មួយបណ្តាលឲ្យយុវសិស្សម្នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះជិះម៉ូតូប៉ះខឿនផ្លូវដួលខ្ទាតចូលក្រោមរថយន្ដកំពុងធ្វើបើកបរបញ្ច្រាសទិសគ្នា ។ ហេតុការណ៍គ្រោះថ្នាក់គួរឲ្យអាណោចអាធ័មួយនេះកើតឡើងនៅម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅចំណុចជិតស្ដុបកោះកេរ្តិ៍ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
ជនរងគ្រោះមានឈ្មោះ ណែត វណ្ណៈ ភេទប្រុស អាយុ១៩ឆ្នាំ រៀននៅវិទ្យាល័យ១០មករា១៩៧៩ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក Fino ពាក់ស្លាកលេខភ្នំពេញ 1AK-4701 ធ្វើដំណើរត្បូងទៅជើង ។ លុះមកដល់កន្លែងកើតហេតុបានជ្រុលទៅបុកនឹងខឿនថ្នល់ ដួល ខណៈនោះស្របពេលដែលរថយន្តក្រុង ៤៥កៅអី ពាក់ស្លាកលេខ ភ្នំពេញ 3B-8155 ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បានកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ចំណែកអ្នកបើករថយន្តបង្កចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចចុះធ្វើការវាស់វែង និងយកម៉ូតូរបស់ជនរងគ្រោះ ព្រមទាំងរថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋានរង់ចាំការដោះស្រាយជាក្រោយ ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចស្វែងរកក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕