ប្រទេសរុស្ស៊ី ៖ យ៉ាងហោចណាស់មានមនុស្ស១៦នាក់បានស្លាប់ បន្ទាប់ពីស្ត្រីម្នាក់បានចុចបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួននៅក្នុងស្ថានីយរថភ្លើងមួយកន្លែង ភាគខាងត្បូងប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យម្សិលមិញ ។ នេះបើយោងតាមគេហទំព័រឆាណេលញូអេស៊ា ដែលបានចុះផ្សាយកាលពីព្រឹកមិញនេះ។
អ្នកនាំពាក្យគណៈកម្មការស៊ើបអង្កេតជាតិរបស់រុស្ស៊ី បានឲ្យដឹងថាអត្តឃាតជនរូបនោះបានចុចបំផ្ទុះគ្រឿងផ្ទុះទម្ងន់ប្រមាណ១០គីឡូក្រាម ហើយការបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតរបស់ស្ត្រីម្នាក់នេះបានធ្វើឡើងមុនការប្រកួតកីឡារអូឡាពិកតែប្រាំមួយសប្តាហ៍ប៉ុណ្ណោះ។
ក្រសួងសុខាភិបាលរុស្ស៊ីបានឲ្យដឹងថា មានមនុស្ស១៦នាក់បានស្លាប់ និងប្រមាណជា៥០នាក់ផ្សេងទៀតរងរបួស ក្នុងនោះ ៣៤នាក់រងរបួសធ្ងន់។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានណែនាំឲ្យរដ្ឋាភិបាលចាត់វិធានការចាំបាច់គ្រប់រូបភាព ដើម្បីជួយសង្គ្រោះដល់អ្នករបួស និងធានាឲ្យមានសន្តិភាព។
មកដល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយ ទេ ប៉ុន្តែកាលពីប៉ុន្មានខែមុន មេដឹកនាំពួកបះបោរឈិនឈិន ក្នុងប្រទេសរុស្ស៊ីគឺលោក ដូគូ អ៊ូម៉ារ៉ូវ បានអំពាវនាវឲ្យមានការវាយប្រហារថ្មីៗ ប្រឆាំងនឹងជនស៊ីវិលក្នុងប្រទេសរុស្ស៊ី និងប្រឆាំងជាមួយការប្រកួតកីឡាអូឡាំពិក ដែលគ្រោងធ្វើនៅខែកុម្ភៈ ឆ្នាំ២០១៤ខាងមុខ ដោយរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ៕