រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ខណៈដែលកំពុងជិះម៉ូតូ ត្រូវរថយន្តមួយគ្រឿងបើកបរដោយជនជាតិចិនបើកបុក ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ មុខវិទ្យាល័យជម្ពូវ័ន ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ភួង ប៊ុនស៊ា ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិកោះសូទិន ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BQ-9914 ធ្វើដំណើរពីជើងទៅត្បូងតាមបណ្តោយផ្លូវបេតុងរោងចក្រ QMI ខណៈដែលម៉ូតូកំពុងឆ្លងផ្លូវក៏ត្រូវរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស៤៧០ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2C-2913 បើកបរដោយជនជាតិចិនពីកើតទៅលិច ជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។ ពេលឃើញហេតុការណ៍បែបនេះ ជនបង្កបានបើកទ្វាររថយន្តគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តរថយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកម៉ូតូរបស់ជនរងគ្រោះ និងរថយន្តបង្កត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំការដោះស្រាយជាក្រោយ៕