រាជធានីភ្នំពេញ ៖ សំណុំរឿងដែលចាប់អារម្មណ៍មួយបន្ទាប់ពីព្រឹត្តិការណ៍បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ និងបាតុកម្មរបស់កម្មករ-កម្មការិនីទាមទារដំឡើងប្រាក់ខែ តែអ្វីតែពេលនេះក្រុមស្ទាវ២ក្រុមបានសាងនូវទស្សនីយភាពបានធ្វើឲ្យក្រសែភ្នែកមហាជនសម្លឹងនូវសកម្មភាពដេញកាប់គ្នាយ៉ាងអនាធិបតេយ្យនៅក្នុងបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ បណ្ដាលឱ្យរងរបួសធ្ងន់២នាក់ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន២នាក់និងរត់គេចខ្លួនម្នាក់ ។
មុនពេលកើតហេតុក្មេងស្ទាវ២នាក់ដែលម្នាក់អះអាងថា ឪពុករបស់គេជាមន្ដ្រីនគរបាលមានឋានៈខ្ពស់នៅក្រសួងមហាផ្ទៃបានជិះម៉ូតូ ចូលទៅ ផឹកស៊ីនៅក្នុងបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ។ ក្រោយពីផឹកស៊ីស្រវឹងរួចមក ក្រុមក្មេងស្ទាវទាំងពីរក្រុមគ្រាន់តែមើលមុខគ្នាបង្កជាជម្លោះកើតឡើង ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅពេលដែលពួកគេទាំង២នាក់ជិះម៉ូតូទៅក្បែរយុវជន ៣នាក់ ស្រាប់តែខឹងគេមើលមុខក៏កើត ជាជម្លោះជាពាក្យសម្ដីរហូតដល់ដេញ វាយគេ ប៉ុន្ដែដោយសារភាគីម្ខាងទៀត មានគ្នា៣នាក់ទើបព្រួតវាយពួកគេទាំង២នាក់វិញបណ្ដាលឱ្យរង របួសធ្ងន់ខ្លះពកក្បាលខ្លះហើមដៃ ។ បន្ទាប់ពីមានជល្លោះ រួចមកសន្ដិសុខនៅកោះពេជ្របានទូរស័ព្ទ ហៅនគរបាលប៉ុស្ដិ៍ទន្លេបាសាក់ឱ្យទៅឃាត់ខ្លួនក្មេងទាំងនោះបញ្ជូនទៅ អធិការដ្ឋាន នគរបាលខណ្ឌទាំងយប់ ។
ក្រុមយុវជនទាំង ៤នាក់ក្នុងនោះភាគីដែលមានគ្នា៣នាក់រត់គេចខ្លួនបាត់ម្នាក់ ។ យុវជនដែលឃាត់ខ្លួនបានទាំង៤នាក់នេះរួមមានទី១-ឈ្មោះពេជ្រ ឫទ្ធី អាយុ ១៩ឆ្នាំ ទី២-ឈ្មោះ គង់ សុវណ្ណដា អាយុ ១៩ឆ្នាំ, ទី៣-ឈ្មោះ ណយ សុភារម្យ អាយុ ១៨ឆ្នាំ និងទី៤-ឈ្មោះគួច គីមឃាង អាយុ ១៨ឆ្នាំ ទាំង៤ នាក់នេះមិនត្រូវបានស្គាល់អាសយដ្ឋានច្បាស់លាស់ទេដោយសារមានការ អន្ដរាគមន៍ពីឪពុកម្ដាយពួកគេត្រូវបានសមត្ថ កិច្ចដោះលែងឱ្យមានសេរីភាពវិញ ដោយ គ្រាន់តែឱ្យមានសងសំណងទូរស័ព្ទទំនើបមួយគ្រឿងវិញប៉ុណ្ណោះ ។
មហាជនកំពុងតែចាំមើលនគរបាលខណ្ឌចំការមនមានចំណាត់ការបែបណា នៅពេលយុវជនទាំងនោះប្រាប់ឈ្មោះឪពុកដែលមានតួនាទីធំ នៅក្រសួងមហាផ្ទៃ ។ មិនដឹងថា តើទង្វើបែបនេះឋិតនៅក្នុងកំណែទម្រង់ស៊ីជម្រៅ ដែរឬយ៉ាងណាទេ? ៕