ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីគេបានបំពានបៀតបៀនកេរ្តិ៍ខ្មាស់លើកូនចុងខ្លួនឯង ដែលមានអាយុទើបតែ៨ឆ្នាំ ។ ការចាប់ឃាត់ខ្លួននេះធ្វើឡើងកាលពីម៉ោង១និង១០នាទី រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតក្នុងភូមិសារាយអណ្តែត ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ជនសង្ស័យរូបនោះ ឈ្មោះ អ៊ុក ម៉ាន អាយុ២៩ឆ្នាំ ជាកសិកររស់នៅក្នុងភូមិឃុំកើតហេតុខាងលើ មានប្រពន្ធចុង អាយុ៤៣ឆ្នាំ និងកូន៣នាក់។ ចំណែកកុមារីជាជនរងគ្រោះ គឺជាកូនចុងអាយុ៨ឆ្នាំ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្នុងពេលកើតហេតុម្តាយនាងអត់នៅផ្ទះទេ ឪពុកចុងបានហៅនាងឲ្យឡើងមកលើផ្ទះ ហើយបានចាប់រូបនាងស្រាតខោអស់ និងបានធ្វើសកម្មភាពបៀតបៀនកេរ្តិ៍ខ្មាស់យ៉ាងកម្រោល និងចាប់រំលោភនាងតែមិនបានស៊ីជម្រៅនោះទេ។ ក្រោយមកនៅម៉ោង៦ល្ងាចម្តាយនាងបានត្រឡប់មកដល់ផ្ទះក៏ត្រូវយាយដែលជាម្តាយឪពុកចុងបានជេរស្តីម្តាយនាង។ ពេលនោះរឿងរ៉ាវទាំងប៉ុន្មានត្រូវបែកការអស់ កុមារីរងគ្រោះបានប្រាប់រឿងហេតុឲ្យម្តាយនាងដឹង ហើយភ្លាមៗនោះដែរ ម្តាយក៏បាននាំកូនស្រីរងគ្រោះទៅប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលតែម្តង។
ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើកម្មភាពបៀតបៀនកេរ្តិ៍ខ្មាស់កូនស្រីរបស់ខ្លួន ដូចខាងលើពិតមែន។ ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕