ខេត្តកំពង់ចាម ៖ បុរសដែលជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចខេត្តកំពង់ចាមចាប់ខ្លួនតាមដីកា ករណីជួញដូរគ្រឿងញៀន ។ ការចាប់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៣ នៅបន្ទប់លេខ B១៦ ក្នុងផ្ទះជួលមួយកន្លែងស្ថិតនៅម្តុំភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះមានឈ្មោះ ទូច ចាន់ កុសល ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពត់ចាម។
ប្រភពពីស្នងការនគរបាលខេត្តកំពង់ចាម ឲ្យដឹងថា ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានពីកម្លាំងសម្ងាត់មូលដ្ឋាន ថា បានឃើញឈ្មោះ ទូច ចាន់ កុសល ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាមដែលជាមុខសញ្ញាចាស់មានដីកាចាប់ខ្លួនចំនួន០២ គឺ ដីកាទី១បង្គាប់ឲ្យចាប់ខ្លួនលេខ៤១៩ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣ ចេញដោយចៅក្រមស៊ើបអង្កេត ឃុន សូណា ដោយចោទពីបទជួញដូរគ្រឿងញៀន ទី២ ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៧៥៥ ចុះថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៣ ចោទពីបទឃាតកម្ម មិនបានសម្រេច កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៣ នៅក្នុងក្លឹបកំសាន្ត (ហ្គោលក្លឹប) ដោយបានដកដាវកាប់ដាច់ដៃឆ្វេង និងម្រាមដៃស្តាំជនរងគ្រោះ ។
ប្រភពដដែលបានបន្តថា ពេលទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចបានរៀបចំផែនការចុះចាប់ខ្លួន ជនសង្ស័យ ដោយប្រើប្រាស់កម្លាំងនគរបាលចំនួន០៨នាក់ ហើយនៅវេលាម៉ោងខាងលើ សមត្ថកិច្ចក៏បានធ្វើការហ៊ុំព័ទ្ធបន្ទប់ជួលរបស់ជនសង្ស័យ ។ ពេលឃើញសមត្ថកិច្ចទៅដល់ជនសង្ស័យ បានលោតចុះពីលើបន្ទប់ជួល កម្ពស់០៥ម្រ៉ែត ហើយរត់គេចទៅម្តុំវាលខ្សាច់ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក៏ចាប់ខ្លួនបានព្រមទាំងឆែកឆេរលើខ្លួនរកឃើញថ្នាំញៀន ប្រភេទក្រាមពណ៌សចំនួន០៦កញ្ចប់សទម្ងន់២ក្រាម៤០ និងបានបន្តឆែកឆេរក្នុងបន្ទប់ជនសង្ស័យរកឃើញដាវចំនួន០២ ឧបករណ៍សេពគ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនសំណុំរឿងនិងជនសង្ស័យ ទៅព្រះរាជអជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីបន្តតាមច្បាប់ ៕