ខេត្តសៀមរាប ៖ អំពើប្លន់ដ៏កក្រើកកណ្តាលក្រុងសៀមរាបបានធ្វើឲ្យមានការភ្ញាក់ផ្អើល ខណៈដែលក្រុមចោរប្លន់ប្រដាប់អាវុធមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពវាយនិងប្លន់ប្រមូលគ្រឿងអលង្ការដែលដាក់ក្នុងស្បោងពីស្ដ្រីជាអាជីវករ២នាក់បងប្អូន ។ ហេតុការណ៍ប្លន់នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៤និង២០នាទីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប ខេត្ដសៀមរាប ។
ប្រភពព័ត៌មានពីក្រុមអាជីវករដែលបានឃើញហេតុការណ៍ឲ្យដឹងថា អំពើប្លន់អាជីវករលក់មាសនៅផ្សារដើមក្រឡាញ់នេះ បង្កឡើងដោយ ជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿងប្រដាប់ ដោយអាវុធខ្លីបានភ្ជង់យកស្បោងដាក់ គ្រឿងអលង្ការ ពីស្ដ្រីរងគ្រោះរួចហើយ គេចខ្លួនបាត់ដោយសុវត្ថិភាព ។ យ៉ាងណាក៏ដោយគេអាចបញ្ជាក់ពីទំហំទឹកប្រាក់ ដែលបាត់បង់នោះឡើយ ខណៈដែលសមត្ថកិច្ចបាននិងកំពុងសួរនាំពីបញ្ហានេះ ទៅលើជនរងគ្រោះ ។ ប៉ុន្ដែសេចក្ដីរាយការណ៍មួយចំនួនបានឱ្យដឹងថា ទំហំទឹកប្រាក់ដែលត្រូវក្រុមចោរទាំង ៣នាក់ប្លន់ យកនោះ ខ្ទង់ម៉ឺនដុល្លារ ។
ប្រភពដដែលបានបន្តទៀតថា អំពើប្លន់ប្រដាប់អាវុធនេះបានកើតឡើងនៅពេលដែលស្ដ្រីរងគ្រោះ ២ នាក់ ជាអាជីវករលក់គ្រឿងអលង្ការនៅ ផ្សារដើមក្រឡាញ់បិទតូប ហើយនាំគ្នាជិះម៉ូតូហួសពីផ្សារបានប្រហែល ១គីឡូម៉ែត្រ ពេលនោះលេចមុខបុរសទាំង៣នាក់ ជិះម៉ូតូ ២គ្រឿង មកភ្ជង់ពួកគេទាំង២នឹងកាំភ្លើងខ្លី ។ ជនសង្ស័យទាំង៣នាក់ បានយកកាំភ្លើងវាយ ទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួសធ្ងន់ ខណៈដែលស្ដ្រីរងគ្រោះមិនចង់ប្រគល់គ្រឿងអលង្ការទៅឱ្យពួកគេ ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចខេត្ដសៀមរាបបាននិងកំពុងបើកការស្រាវ ជ្រាវ យ៉ាងយកចិត្ដទុកដាក់តាមចាប់ក្រុម ចោរប្លន់ទាំងនេះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕