ប្រទេសថៃ ៖ អ្នកបើកបររថយន្តតាក់ស៊ីម្នាក់ត្រូវបានក្រុមបាតុករ ប្រឆាំងរាជរដ្ឋាភិបាលថៃព្រួតគ្នាវាយ បណ្តាលឲ្យរងរបួសរបួសធ្ងន់ធ្ងរ កាលពីម្សិលមិញ។ យោងតាមការចុះផ្សាយរបស់គេហទំព័រវ៉ូចធីវីរបស់ថៃបានឲ្យដឹងថា អ្នកបើកបរតាក់ស៊ីម្នាក់នេះ ត្រូវបានវាយឲ្យសន្លប់ ក្រោយពេលដែលលោកបានស្នើសុំឲ្យពួកបាតុករបើកផ្លូវ។ ពួកសកម្មជនទាំងនោះថែមទាំងបានប្រើប្រាស់ដំបងឈើនិងដែកវាយបំផ្លាញ រថយន្តតាក់ស៊ីរបស់ជនរងគ្រោះទៀតផង។
យ៉ាងណាក៏ដោយ មានព័ត៌មានសង្គមខ្លះបានអះអាងថា អ្នកបើកបរតាក់ស៊ីម្នាក់នោះបានគប់គ្រាប់បែកច្នៃទៅលើហ្វូងបាតុករ ទើបត្រូវបានគេវាយបែបនេះ។ ប៉ុន្តែមានមនុស្សជាច្រើននាក់អះអាងថា ការចោទប្រកាន់នេះគឺគ្មានភស្តុតាងគ្រប់គ្រាន់ទេ។
ទាក់ទងនឹងការធ្វើបាតុកម្មនេះដែរ កាលពីម្សិលមិញ មានការប៉ះទង្គិចគ្នារវាង ពួកបាតុករប្រឆាំងរាជរដ្ឋាភិបាលថៃ និងពួកកម្លាំងសន្តិសុខ ជាហេតុនាំឲ្យស្លាប់មន្ត្រីនគរបាលម្នាក់ ហើយនគរបាល២៦នាក់ទៀតរងរបួស ស្របពេលដែលបាតុករម្នាក់បានស្លាប់ ហើយប្រមាណ៧០នាក់ទៀតបានរងរបួស។ ក្រៅពីនេះ ក៏មានអ្នកសារព័ត៌មានមួយចំនួនត្រូវរបួសផងដែរ។ ចាប់តាំងពីថ្ងៃផ្តើមធ្វើបាតុកម្ម ប្រឆាំងរាជរដ្ឋាភិបាលថៃ កាលពីដើមខែធ្នូមក មានមនុស្ស៧នាក់ហើយដែលបានស្លាប់៕