ខេត្ដកំពង់ចាម ៖ ឪពុកម្តាយរបស់ក្មេងរងគ្រោះដោយលង់ទឹកទាំង៣នាក់បានយំស្ទើរបោកខ្លួន ខណៈដែលពួកគេទាំងអស់គ្នាបានបាត់បង់កូនជាទីស្រឡាញ់របស់គេទៅនោះ ។ ហេតុការណ៍នេះបានកើតឡើងកាលរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ នៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្ដកំពង់ចាម ។
ក្មេងប្រុសស្រីដែលលង់ទឹកស្លាប់ ទាំង ៣នាក់មានឈ្មោះ ១-ថុង ធារិទ្ធ ភេទ ប្រុស អាយុ៩ឆ្នាំ, ២-វី ឫទ្ធី ភេទប្រុស អាយុ៩ឆ្នាំ និង៣-រៀម សីហា ភេទស្រី អាយុ៩ឆ្នាំ ។ ពួកគេទាំង៣នាក់មាន លំនៅឋានក្បែរគ្នាក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ក្រោយពីស្លាប់សាកសពត្រូវបានឪពុក ម្ដាយរៀបចំធ្វើពិធីបុណ្យរួមគ្នាតែម្ដង។
ប្រភពពីយុវជនម្នាក់ឈ្មោះ រឿន សំណាង អាយុ ១៩ឆ្នាំ ដែលស្ថិតនៅក្នុងហេតុការណ៍នោះបានរៀបរាប់ប្រាប់ថា រូបគេរួមទាំងក្មេងទាំង៣នាក់ខាងលើនេះបានទៅឃ្វាលគោដូចសព្វមួយដង ។ ក្រោយមកក្មេងទាំង៣នាក់នោះបានចុះទៅមុជទឹកស្រះ តែរូបគេបានទៅបេះផ្លែពុទ្រា ក្បែរនោះស៊ីទៅវិញ ។ ប្រហែល១ម៉ោងក្រោយមក រឿន សំណាង ដែលបេះផ្លែពុទ្រាបានបំណងទៅចែកពួកគេស្រាប់តែ ដើររកក្មេងៗទាំង៣នាក់នោះមិនឃើញ។ ពេលនោះ រឿន សំណាង បានរត់ជាប្រញាប់ទៅមើល ស្រះទឹកឃើញតែខោអាវមិនឃើញ មនុស្សក៏កើតការសង្ស័យ ហើយក៏ចុះ រាវក្នុងស្រះស្រាប់តែប្រទះឃើញពួកគេ ទាំង៣នាក់ស្លាប់ក្នុងទឹកក្បែរៗគ្នាទៅ ហើយ ។ រឿន សំណាង ស្រង់សពក្មេង ទាំង៣នាក់ដាក់លើគោករួចប្រញាប់ទៅ ប្រាប់ឪពុកម្ដាយពួកគេនៅឯភូមិ ។
ក្រោយពីស្រង់ក្មេងទាំង៣នាក់នោះបានស្លាប់បាត់ទៅហើយ ឪពុកម្ដាយក្មេងទាំង៣នាក់យំសោក ព្រោះមិននឹកស្មានថា កូនប្រុសស្រីរបស់ ខ្លួនស្លាប់យ៉ាងដូច្នេះសោះ ៕