ខេត្ដបាត់ដំបង ៖ កុមារា២នាក់ត្រូវរងរបួសជាទម្ងន់ ខណៈដែលត្រូវប្តី ប្រពន្ធដែលលក់អីវ៉ាន់ចាប់ហួយវាយធ្វើបាបលើរូបរាងកាយរហូតដល់សន្លប់ ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៦និង៣០ព្រលប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិដួង ឃុំបឹងរាំង ស្រុកកំរៀង ខេត្ដបាត់ដំបង ។
កុមារាទាំង២ដែលរងរបួសមាន ១.ឈ្មោះ រី មោញ អាយុ១១ឆ្នាំ និងទី២.ឈ្មោះ ហា លីន អាយុ១៥ឆ្នាំ ។ ចំណែកជនជាប់សង្ស័យដែលប្រើអំពើហិង្សាលើកុមារមានឈ្មោះ វណ្ណា អាយុ ៤៩ឆ្នាំ ជាប្រពន្ធ និងឈ្មោះ អ៊ំ កន អាយុ ៥១ឆ្នាំ ប្ដី។
តាមកំណត់ហេតុរបស់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុកុមារារងគ្រោះទាំង២បាននាំគ្នាទៅទិញនំនៅផ្ទះលក់ចាប់ហួយដែលមាន ចម្ងាយ៥០ម៉ែត្រពីផ្ទះរបស់ខ្លួន ។ លុះពេលទិញនំបានហើយពួកគេក៏នាំគ្នាដើរត្រឡប់មកផ្ទះវិញ តែនៅពេលដើរបានពាក់កណ្ដាលផ្លូវត្រូវអ្នកលក់ចាប់ហួយ២នាក់ ប្ដី ប្រពន្ធនេះជិះម៉ូតូមកឌុបពួកគេវិលត្រឡប់ទៅផ្ទះលក់ចាប់ហួយ រួចក៏ប្រើអំពើហិង្សាដោយវាយទាត់ធាក់ពួកគេទាំង២បណ្ដាលឱ្យម្នាក់ឈ្មោះ រី មោញ សន្លប់បាត់មាត់បាត់.កទៀតផង ។
ប្រភពដដែលបានបន្តទៀតថា អ្នកលក់ចាប់ហួយខាងលើនេះពេលដែល វាយទាត់ធាក់មកលើពួកគេបានសម្លុតគំរាមកំហែង ហើយបានចោទពួកគេថា បានលួចយកលុយនៅក្នុងកន្ដ្រកតែតាម ការពិតពួកគេមិនបានលួចលុយអ្នកលក់ ចាប់ហួយនោះទេ គឺមានតែប្រាក់៥០០ រៀល យកទៅទិញនំនៅផ្ទះលក់ចាប់ហួយនោះប៉ុណ្ណោះ ។ បន្ទាប់មកអ្នកលក់ចាប់ហួយនោះក៏ចាប់ពួកគេបោះចេញមកក្រៅផ្ទះ ហើយបានបិទទ្វារ ។ មួយសន្ទុះក្រោយមកក្រោយពីដឹងខ្លួនពួកគេក៏នាំគ្នាដើរមកផ្ទះរៀបរាប់ប្រាប់ឪពុកម្ដាយពីរឿងនេះ ។
ក្រោយពេលដឹងហេតុការណ៍បែបនេះឪពុកម្តាយកុមារារងគ្រោះបានបញ្ជូនកូនទៅមន្ទីរពេទ្យបង្អែកខេត្ដប៉ៃលិន ព្រោះនៅជិតជាងមន្ទីរពេទ្យបង្អែកខេត្ដបាត់ដំបង និងបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច ដើម្បីជួយរកយុត្តិធម៌ ។ ចំណែកជនសង្ស័យជាប្ដី ពេលនេះបានរត់គេចខ្លួនបាត់តែប្រពន្ធមិនទាន់រត់ទៅណាទេ កំពុងលក់ដូរជាធម្មតា៕