រាជធានីភ្នំពេញ ៖ ហេតុការណ៍ដ៏រន្ធត់មួយនៅខាងមុខមន្ទីពេទ្យព្រះកុសុមៈ បានបង្កឲ្យមានការភ្ញាក់ផ្អើល ខណៈដែលស្ត្រីវ័យក្មេងម្នាក់បានដេកស្លាប់ ដោយសារជំងឺប្រចាំកាយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២នឹង៣០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣នេះ ត្រង់ចំណុចផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ស្ត្រីដ៏អភ័ព្វស្លាប់ដោយសារជំងឺទាចទឹកមានឈ្មោះ វ័ន ចន្ធូ អាយុ២៤ឆ្នាំ មុខរបរ ចាំចំការឲ្យគេ ស្នាក់នៅក្នុងភូមិប៉ខាំ ឃុំបកែវ ស្រុកអូយ៉ាដាវ ខេត្តរតនៈគីរី ។
បើតាមសម្តីស្ត្រីឈ្មោះ នួន មុំ អាយុ៥២ឆ្នាំ ត្រូវជាម្តាយស្ត្រីខាងលើ មានស្រុកកំណើត ភូមិបន្ទាយ ឃុំកំពង់លាង ស្រុកទូកមាស ខេត្តកំពត បានប្រាប់ឲ្យដឹងថា កូនស្រីរបស់គាត់មានជំងឺរាំរ៉ៃជាង២ឆ្នាំមកហើយ ។ ចំណែកប្តីរបស់នាងបានស្លាប់ដោយសារជំងឺនេះដែរ។ ស្ត្រីជាម្តាយបន្តទៀតថា កាលពីជាង១ខែមុនគាត់បានបញ្ជូនកូនស្រីរបស់គាត់ទៅសម្រាកនៅមន្ទីពេទ្យខេត្តរតនៈគីរីដែរ ហើយក៏បញ្ជូនមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតវិញ ។ រហូតមកដល់ថ្ងៃកើតហេតុខាងគ្រូពេទ្យបានប្រាប់ថា អត់មានសង្ឃឹមទេឲ្យត្រឡប់ទៅផ្ទះវិញទៅ ។
ពេលនោះគាតក៏បាននាំកូនរបស់គាត់ចេញពីមន្ទីរពេទ្យដោយជិះរ៉ឺម៉កកង់បី ខណៈជិះមកដល់ខាងមុខមន្ទីពេទ្យព្រះកុសុមៈ គោលបំណងឈរចាំរថយន្តជិះទៅស្រុកវិញ ស្រាប់តែកូនរបស់គាត់បានដួលដាច់ផ្ងារទៅក្រោយស្លាប់ភ្លាមៗតែម្តង ។
ការស្លាប់យ៉ាងអាណោចអាធ័មរបស់ស្ត្រីខាងលើនេះក៏បានបន្សល់ទុកកូនប្រុស អាយុ៥ឆ្នាំម្នាក់ផងដែរ ។ ក្រោយកើតហេតុមន្ទីពេទ្យព្រះកុសមៈបានជួយជួលរថយន្តដឹកសពស្ត្រីខាងលើទៅបូជានៅវត្តទឹកថ្លា៕