ខេត្តកំពង់ឆ្នាំង ៖ ក្រុមប្រជានេសាទប្រមាណ៥៤នាក់បាននាំគ្នាមកសាលាសង្កាត់ផ្សារឆ្នាំង ដើម្បីឲ្យអាជ្ញាធរ និងមន្ត្រីជលផលដោះស្រាយបាតុភាពនេសាទនៅចំណុចបឹងធំ និងបានសំណូមពរបញ្ជាក់ឲ្យច្បាស់នូវការប្រើប្រាស់ឧបករណ៍នេសាទ ស្របច្បាប់។ ហេតុការណ៍លើកគ្នាមកតវ៉ានេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ក្នុងភូមិសំរោងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
តំណាងឲ្យប្រជាពលរដ្ឋដែលប្រកបមុខរបរនេសាទនៅភូមិសំរោងមានឈ្មោះស៊ឹម ប៊ន, អ៊ឹម សុខុម,ចាប សារឿន បានរាយការណ៍ ថាមានប្រជានេសាទមួយចំនួនប្រើឧបករណ៍ខុសច្បាប់ក្នុងចំណុចបឹងធំ ព្រំប្រទល់៣ស្រុកគឺក្រុងមានក្រុងកំពង់ឆ្នាំង ស្រុករលាប្អៀរ និងស្រុកជលគីរី។ ពួកគាត់បានរាយការណ៍ឲ្យអាជ្ញាធរច្រើនដងហើយ តែគ្មានចំណាត់ការដោះស្រាយទើបពួកគាត់មកសាលាសង្កាត់ថ្ងៃនេះ ដើម្បីសំណូមពរឲ្យមន្ត្រីជំនាញពន្យល់អំពីការប្រើប្រាស់ឧបករណ៍នេសាទ ស្របច្បាប់។
លោកនាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានពន្យល់ប្រជាពលរដ្ឋទាំងអស់ដែលបានមកចូលរួមប្រជុំនៅសាលាសង្កាត់ ថា ឧបករណ៍នេសាទចំនួន៥០ប្រភេទដែលច្បាប់អនុញ្ញាត បើប្រជាពលរដ្ឋឃើញមានប្រជានេសាទណាប្រើប្រាស់ឧបករណ៍នេសាទខុសពី ចំនួន៥០ប្រភេទនេះ ត្រូវសហការ និងរាយការណ៍មកអាជ្ញាធរ សមត្ថកិច្ចជំនាញ ដើម្បីចុះបង្ក្រាបឲ្យបានទាន់ពេលវេលា។
លោកបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់កុំឲ្យប្រើហិង្សាចាប់យកឧបករណ៍នេសាទខុសច្បាប់ទាំងនោះមកកម្ទេច ចោលដោយខ្លួនឯង ដោយគ្មានការចូលរួមពីអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ព្រោះការធ្វើបែបនេះជាអំពើខុសច្បាប់ ហើយពាក់ព័ន្ធនឹងផ្លូវច្បាប់គេអាចចោទបានថា យើងបានបំផ្លាញទ្រសម្បត្តិអ្នកដទៃ។
ប្រជានេសាទទាំងអស់បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី និងមន្ត្រីជំនាញជលផលដែលបានជួយពន្យល់ដល់ពួកគាត់ឲ្យបានដឹង ក្នុងការប្រើប្រាស់ឧបករណ៍នេសាទឲ្យស្របតាមច្បាប់។ ចំពោះបទល្មើសពួកគាត់បានសន្យាថា នឹងរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ដើម្បីចុះបង្ក្រាបឲ្យបានទាន់ពេលវេលា ដើម្បីរក្សាបានពូជមច្ឆជាតិឲ្យស្ថិតនៅគង់វង្សសម្រាប់កូនចៅជំនាន់ ក្រោយ៕