រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលមនុស្សម្នាក់បានស្លាប់នឹងកន្លែងកើតហេតុ ខណៈដែលរថយន្តបើកលឿនដូចហោះបានជ្រុលទៅបុកនឹងម៉ូតូ ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ អ៊ីម ចាន់ធូ អាយុ៣១ឆ្នាំ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 1CC-7798 ។ ចំណែករថយន្តបង្ក ម៉ាកតាកូម៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2S-9710 បើកបរដោយបុរសម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹង។
ប្រភពពីអ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញបុរសរងគ្រោះជិះម៉ូតូម្នាក់ឯងពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបង្កបានបើកយ៉ាងលឿនក្នុងទិសដៅបញ្ច្រាសទិសគ្នា បុកយ៉ាងពេញទំហឹងបណ្តាលឲ្យជនរងគ្រោះខ្ទាតចេញពីម៉ូតូ បោកក្បាលនឹងថ្នល់ស្លាប់ភ្លាមតែម្តង ។ ពេលឃើញហេតុការណ៍បែបនេះភាគីបង្កបានព្យាយាមបើករថយន្តគេចតែត្រូវសមត្ថកិច្ចស្ទាក់ចាប់តាម។
ក្រោយហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានស្វែងរកក្រុមគ្រួសារជនរងគ្រោះ ដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្ក និងម៉ូតូរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានរង់ចាំការដោះស្រាយជាក្រោយ៕