រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ តបតាមការអញ្ជើញរបស់ នាយករដ្ឋមន្ដ្រីវៀតណាម លោកង្វៀន តាន់យុង (Nguyen Tan Dung) ។
លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់ក្រុមអ្នកយកព័ត៌មាន ថា សម្តេចតេជោនាយករដ្ឋមន្ត្រីក៏នឹងជួបពិភាក្សាការងារ ទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រីវៀតណាម និងនៅក្នុងទស្សនកិច្ចផ្លូវការនេះ និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៩ដែល រួមមាន៖
១-កិច្ចសម្របសម្រួលពាណិជ្ជកម្ម ទ្វេភាគីរវាងកម្ពុជានិងវៀតណាម សម្រាប់ឆ្នាំ២០១៤-២០១៥
២-កិច្ចព្រមព្រៀងស្ដីពីការផ្លាស់ប្ដូរ ទំនិញរវាងកម្ពុជា-វៀតណាម
៣-សន្ធិសញ្ញាស្ដីពីបត្យាប័ន រវាងកម្ពុជា-វៀតណាម
៤-កិច្ចព្រមព្រៀងឥណទានសម្បទាន រវាងកម្ពុជា-វៀតណាម
៥-ផែនការសហប្រតិបត្តិការ រវាងក្រសួងអប់រំ យុវជននិងកីឡារវាងកម្ពុជា-វៀតណាម
៦-ផែនការសហប្រតិបត្តិការ ស្ដីពីព័ត៌មានរវាងក្រសួងព័ត៌មាន កម្ពុជា-វៀតណាម
៧-ផែនការសហប្រតិបត្តិការ ឆ្នាំ២០១៤ រវាងក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ
៨-អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីផែនការសហប្រតិបត្តិការរ វាងបណ្ណសារដ្ឋានជាតិ នៃទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា និងសកលវិទ្យាល័យហាណូយ នៃក្រសួងកិច្ចការផ្ទៃក្នុង នៃប្រទេសវៀតណាម។
ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម សម្ដេចនាយករដ្ឋមន្ត្រី ក៏នឹងជួបសម្តែងការគួរសមដាច់ដោយ ឡែក ជាមួយលោកង្វៀន ស៊ីនហ៊ុង ប្រធានសភាវៀតណាម លោក ជ្រឿន តឹងសាន ប្រធានាធិបតីវៀតណាម និង លោក ង្វៀន ភូត្រុង អគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាមផងដែរ។
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូចេញទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម បានធ្វើឲ្យមានការ ទាក់ទាញអារម្មណ៍យ៉ាងខ្លាំងពីមហាជនទូទៅ ទោះបីដំណើរទស្សនកិច្ចនេះ ត្រូវបានក្រសួងការបរទេសបញ្ជាក់ថា ធ្វើឡើងក្នុងចំណងពង្រឹងការទូត នៃប្រទេសទាំងពីរយ៉ាងណាក្តី។
ការចាប់អារម្មណ៍ពីមហាជននោះ ក៏ដោយសារដំណើរទស្សនកិច្ចរបស់សម្តេច នៅក្នុងប្រទេសវៀតណាម គឺធ្វើនៅ ចំពេលគណបក្សសង្គ្រោះជាតិ និងក្រុមអ្នកគាំទ្ររបស់ខ្លួន កំពុងបើកយុទ្ធនាការមហាបាតុកម្មជារៀងរាល់ថ្ងៃ ប្រឆាំងទៅនឹងតួនាទីរបស់សម្តេចជានាយករដ្ឋមន្ត្រី រួមនិងការទាមទារឲ្យបោះឆ្នោតឡើងវិញ។ មិនតែប៉ុណ្ណោះ ក្រុមបក្សប្រឆាំង និងអ្នកគាំទ្រ បាននិងកំពុងយកប្រធានបទ នៃលំហូរអន្តោប្រវេសន៍របស់វៀតណាម នៅលើទឹក ដីកម្ពុជាជាប្រធានបទក្តៅដាក់បន្ទុកលើរាជរដ្ឋាភិបាលបច្ចុប្បន្ន រួមនិងការចោទប្រកាន់មួយចំនួនទៀត លើចំណង ទំនាក់ទំនងស្អិតរមួតរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយរដ្ឋាភិបាលវៀតណាម ពីអតីតកាល ក៏ដូចពេលបច្ចុប្បន្ន ៕