រាជធានីភ្នំពេញ ៖ បុរសអូស្ត្រាលីម្នាក់ដែលធ្វើសកម្មភាពជួញដូរ និងចែកចាយគ្រឿងញៀន ក្នុងបារជនបរទេស និងតាមជួរមាត់ទន្លេ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី ២៤ ធ្នូ ២០១៣។
បុរសអូស្ត្រាលីរូបនេះឈ្មោះ JENSEN ALANROLF រហស្សនាម “គីងកុង” កាន់លិខិតឆ្លងដែនលេខ M7043607 ស្នាក់នៅផ្ទះជួលលេខ៧៩E1 តាមបណ្តោយផ្លូវលេខ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌទួលគោក ដឹកនាំដោយលោកព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ ឃាត់ខ្លួនកាលពីថ្ងៃទី ២០ ធ្នូ ២០១៣ និងដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកមួយចំនួន អាភៀន១ដុំតូច ថ្នាំញៀនពណ៌សប្រផេះមួយចំនួន កញ្ឆាក្រៀម សារធាតុផ្សំមួយចំនួន ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនមួយ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត រួចបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា បុរសអូស្ត្រាលីរូបនេះ ត្រូវបានកម្លាំងសម្ងាត់របស់កងរាជអាវុធហត្ថខណ្ឌទួលគោក ធ្វើការស្រាវជ្រាវជាយូរណាស់មកហើយ ដោយរូបគេគឺជាមុខសញ្ញាជួញដូរ និងចែកចាយថ្នាំញៀនយ៉ាងសកម្មក្នុងរាជធានី ភ្នំពេញ ជាពិសេសលក់គ្រឿងញៀន ទៅឱ្យជនបរទេសនៅតាមបារជនបរទេស ប្រមាណជិត១០០កន្លែង ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ និងតាមជួរមាត់ទន្លេ៕