ខេត្តកណ្តាល ៖ ជនសង្ស័យប្រុសស្រី៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលពួកគេកំពុងធ្វើចរាចរណ៍ថ្នាំញៀន។ ការឃាត់ខ្លួននេះកាលពីវេ លាម៉ោង២២និង១០នាទី យប់ ថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០១៣ តាមផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះមានគ្នា៣នាក់ ទី១-ឈ្មោះ ចាន់ សិរី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនK.R.S មានស្រុកកំណើតនៅភូមិដូនជី ឃុំជ្រៃវៀង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទី២-ឈ្មោះ ថា ស្រីកា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ ជនសង្ស័យទាំង២នាក់បច្ចុប្បន្នស្នាក់នៅភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង និងទី៣-ឈ្មោះ ខាន់ រក្សា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ខណៈដែលកម្លាំងកងរាជអាវុធហត្ថកំពុង ល្បាតនៅក្នុងភូមិសាស្ត្រឃុំអន្លង់រមៀតនោះ ក៏បានប្រទះឃើញមនុស្សប្រុស ស្រី៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាគុប ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ។ ដោយមានការសង្ស័យកម្លាំងកងរាជអាវុធហត្ថបានស្ទាក់ម៉ូតូមួយគរឿងខាងលើ ឲ្យឈប់ រួចធ្វើការឆែកឆេរក៍បានប្រទះឃើញមានថ្នាំញៀនចំនួន៥កញ្ចប់ដែល ជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់បានលាក់ទុកនៅក្នុងកញ្ចប់បារី ។
ក្រោយពីរកឃើញមានវត្ថុតាងរួចមក សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់បញ្ជូនមកកាន់ទីបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕