រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៤ ខែធ្នូ នេះ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសស្ត្រីគួកជេរដីម្នាក់ ដាក់ពន្ធនាគារ៨ខែ ពីបទរំលោភលើទំនុកចិត្ត តែសម្រេច លើកលែងការចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈ រួចបង្គាប់ឲ្យស្ត្រីរូបនេះសង ប្រាក់ដល់ដើមបណ្តឹងចំនួន៥២០០០ដុល្លារអាមេរិក និងជំងឺចិត្ត១០លានរៀល ។
ជនជាប់ចោទនេះមានឈ្មោះ ហៀង ចន្ធី អាយុ៣២ឆ្នាំ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លួននៅរាជធានីភ្នំពេញកាលពី ខែមិថុនា ឆ្នាំ ២០១២ ដោយយោងលើពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សុខ សុគុណ ។
ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០១២ ឈ្មោះ សុខ សុគុណ បានឲ្យឈ្មោះហៀង ចន្ធី ជួយទិញដីចំនួន១៣៦ហិកតា ពីកសិករនៅឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយឈ្មោះ សុខ សុគុណ បានប្រគល់ប្រាក់ចំនួន១២ម៉ឺនដុល្លារដើម្បីរត់ការ។ រហូតមកទល់ពេលនេះឈ្មោះ ហៀង ចន្ធី ពុំបានយកដីមកឲ្យទេ ហើយបានគេចវេសថែមទៀត។
ចំណែកស្ត្រីជាប់ចោទឈ្មោះ ហៀង ចន្ធី បានបដិសេធចំពោះការចោទប្រកាន់នេះ ដោយនាងប្រាប់ថាបានទទួលប្រាក់តែ៧ម៉ឺនដុល្លារពីឈ្មោះ សុខ សុគុណ ហើយលុយទាំងនោះបានកក់ទៅឲ្យកសិករដែលព្រមលក់ដីរបស់ពួកគេទៅឲ្យ ឈ្មោះ សុខ សុគុណ នោះ។ ចំពោះដី ១៣៦ ហិកតា និងលិខិតបញ្ជាក់ឯកសារត្រូវបានផ្ទេរទៅឲ្យភរិយារបស់លោក សុខ សុគុណ ឈ្មោះ ដាន ចន្ធី និងម្តាយក្មេកឈ្មោះ ដាន ចាន់ថន រួចរាល់ហើយ៕