រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈដែលបុរសជនជាតិចិនម្នាក់បានបើកបរគ្មានការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូរ៉ឺម៉កកង់បីក្នុងទិសដៅបញ្ច្រាសគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍មួយនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ឋិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ឋិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ផុន ចិន្ដា ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបររត់រ៉ឺម៉កកង់បី មានទីលំនៅភូមិត្រពាំងអញ្ចាញ១ សង្កាត់ត្រញំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនបង្កមានឈ្មោះ សៀង ស៊ិនសុង អាយុ៤៥ឆ្នាំ ជនជាតិចិន អាសយដ្ឋានក្នុងប័ណ្ណបើកបរនៅភូមិគ្រួស ឃុំរប្អៀរ ស្រុលរលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូរ៉ឺម៉កកងបីពាក់ស្លាកលេខ ង.២៧១២ ភព១ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2R-9280 បើកបរដោយបុរសជនជាតិចិន មានអាយុជាង៤០ឆ្នាំ បានបុកយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសរងគ្រោះបានបោកក្បាលនឹងថ្នល់សន្លប់ស្តូក ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែង និងឃាត់ជនជាតិចិន ទៅសាកសួរ ព្រមទាំងរថយន្តបង្ក និងម៉ូតូរ៉ឺម៉ករបស់ជនរងគ្រោះ យកទៅរក្សានៅអធិការដ្ឋាន រង់ចាំការដោះស្រាយជាក្រោយ ។ ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកសង្គ្រោះនៅគ្លីនិកឯកជន៕