រាជធានីភ្នំពេញ ៖ បុរសម្នាក់ដេកដួលសន្លប់នៅនឹងកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូទាំងស្រវឹងជោកជាំរេពេញដងផ្លូវហើយជ្រុលទៅបុករថយន្ដ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ នៅទល់មុខវត្ដសុភាឃួន តាមបណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ី ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ កែម ទីដែន ភេទ ប្រុស អាយុ២៤ឆ្នាំ មុខរបរជាពេទ្យធ្មេញរស្មីអូរដឹម ស្នាក់នៅភូមិអូរដឹម សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកអាយខន ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1BG-0670 ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿនហើយបាន ជែងរថយន្ដមួយគ្រឿងក៏ជ្រុលទៅបុករថយន្ដដែលបើកស្របទិសគ្នាចំពី ក្រោយបណ្ដាលឱ្យជនរងគ្រោះដួលបែកមុខបែកមាត់សន្លប់ដេកស្ដូកស្ដឹងនៅនឹងកន្លែងកើត ។ រីឯអ្នកបើកបររថយន្ដ ឃើញជនរងគ្រោះដេកសន្លប់បែកមុខ មាត់ ដច្នេះក៏បើករត់គេចខ្លួនបាត់ស្រមោលតែម្ដង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានឃើញតែជនរងគ្រោះ និងម៉ូតូតែប៉ុណ្ណោះ រួចហើយសមត្ថកិច្ចបានបើករថយន្ដសង្គ្រោះ ដឹកជនរងគ្រោះយកទៅព្យាបាល ចំណែកម៉ូតូសមត្ថកិច្ចប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារយកទៅជួសជុលដោយខ្លួនឯង ៕