ខេត្តព្រះសីហនុ ៖ ស្នូរកាំភ្លើងបានលាន់ឮទាំងកណ្តាលរាត្រីបានបង្កការភ្ញាក់ផ្អើលនៅក្នុងអាហារដ្ឋានតន្ត្រីម្ចាស់ចិត្ត បណ្តាលឲ្យមន្ត្រីប៉េអឹមម្នាក់បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យ ។ ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ១៥នាទី យប់ថ្ងៃទី២៣ ធ្នូ ២០១៣ នៅចំណុចក្នុងហាងតន្ត្រី និងខារ៉ាអូខេ ម្ចាស់ចិត្ត ស្ថិតក្នុងក្រុម២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ពៅ សុធារ័ត្ន មានឋានៈជាអនុសេនីយ៍ឯក ជាប្រធានស្នាក់ការសន្តិសុខកែវផុស។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទាស់សម្តីជាមួយភ្ញៀវដែលអង្គុយនៅតុរក្បែរគ្នា ហើយជនរងគ្រោះបានយកកាំភ្លើងបាញ់កម្លាគេ តែមួយសន្ទុះក្រោយមកក៏លាន់ស្នូរកាំភ្លើង ធ្វើឲ្យជនរងគ្រោះដេកដួលនឹងថ្លុកឈាមតែម្តង។
ក្រោយកើយហេតុ សមត្ថកិច្ចបានចុះទៅធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច្ឆ័យ។ តែទោះបីយ៉ាងណាសមត្ថកិច្ចកំពុងធ្វើស្រាវជ្រាវកំណត់អង្គហេតុនៃមូលហេតុនៃការស្លាប់នេះបន្ត៕