រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស៣នាក់បានរងរបួសធ្ងន់ និងម្នាក់រងរបួសស្រាល ក្នុងឧបទ្ទវហេតុរថយន្តបួងចង្កួតលឿនពេក ក៏ជ្រុលទៅបុករបង ផ្ទះប្រជាពលរដ្ឋ និងបង្គោលភ្លើង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ តាមបណ្ដោយ ផ្លូវជាតិលេខ៥ ស្ថិតក្នុង សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M-1553 ដែលបើកបរដោយបុរសម្នាក់ និងមានមនុស្សរួមដំណើរបីនាក់ទៀត បានធ្វើដំណើរតាម បណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុ រថយន្តនេះបានបើកបរលឿនពេក ក៏បណ្ដាលឲ្យរថយន្តទាញ ចង្កួតជ្រុលទៅបុករបងផ្ទះ និងបង្គោលភ្លើងមួយដើមរបស់ប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយអ្នកបើកបរ និងអ្នករួមដំណើរបានរងរបួសធ្ងន់ ត្រូវបានរថយន្ត សាមុយដឹកយកទៅ សង្គ្រោះភ្លាមៗផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះធ្វើការវាស់វែង ស្ទូចយករថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕