រាជធានីភ្នំពេញ ៖ ថៅកែខារ៉ាអូខេមួយកន្លែងយីហោ បុប្ផាជាយដែន ត្រូវបាននារីរងគ្រោះ២នាក់បងប្អូនដាក់ពាក្យបណ្តឹងករណីបង្ខាំងធ្វើទារុណកម្មប៉ុនប៉ងរំលោភនៅក្នុងបន្ទប់ខារ៉ាអូខេ ។ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីអធ្រាត្រ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
នារីរងគ្រោះ២នាក់បងប្អូនមានឈ្មោះ សែម ទិត្យចិន្តា អាយុ២២ឆ្នាំ និងឈ្មោះ សែម លីនដា អាយុ១៨ឆ្នាំ អ្នកទាំងពីរស្នាក់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមការរៀបរាប់របស់នារីទាំងពីរនាក់បងប្អូនបានប្រាប់សមត្ថកិច្ចឲ្យដឹងថា ដំបូងឡើយកាលពីព្រលប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ពួកនាងរួមជាមួយបងស្រីម្នាក់ទៀតឈ្មោះ រដ្ឋា បាននាំគ្នាទៅចូលញាំអាហារ និង ស្រាបៀរនៅក្នុងហាងបុប្ផាជាយដែនក្នុងលក្ខណៈគ្រួសារ ។ ពេលនោះថៅកែហាងម្នាក់ ឡេ ហុកឡាយ បានមករាក់ទាក់ស្វាគមន៍យ៉ាងសមគួរមកលើពួកនាង ទាំង៣នាក់បងប្អូន ។ លុះដល់វេលាយប់ជ្រៅម៉ោងប្រមាណ១២ ឈ្មោះ ឡេ ហុកឡាយ បានបបួលពួកនាងចូលទៅកាន់បន្ទប់ខារ៉ាអូខេដើម្បីច្រៀងរាំលេង កំសាន្ត ។ ប៉ុន្តែនៅពេលដែលពួកនាងផឹកស៊ីជ្រុលដំណើរស្រវឹងជោកជាំស្ទើរ បាត់ស្មារតី ស្រាប់តែឈ្មោះ ឡេ ហុកឡាយ បានបណ្តេញនារីម្នាក់ជាប្អូន ក្នុងចំណោមនារីទាំងពីរនាក់ឲ្យចេញពីបន្ទប់ខារ៉ាអូខេ ហើយ ទុកបងស្រីរបស់ខ្លួនឲ្យនៅក្នុងបន្ទប់ជាមួយឈ្មោះ ឡេ ហុកឡាយ ។ ពេលនោះនារីជាប្អូនមិនព្រមចេញពីបន្ទប់ខារ៉ាអូខេចោលបងស្រីឡើយ ហើយនៅក្រាញននៀលរង់ចាំចេញពីខារ៉ាអូខេជាមួយបងស្រី ។
ដោយសារនារីជាប្អូនមិនព្រមចេញពីបន្ទប់ខារ៉ាអូខេតាមបំណងរបស់ឈ្មោះ ឡេ ហុកឡាយ ទើបរូបគេនារីជាប្អូនត្រូវមួយកំផ្លៀងរបស់ថៅកែ ឡាយ នៅក្នុងបន្ទប់ខារ៉ាអូខេ ហើយគំរាមមិនឲ្យស្រែកឆោរឡោរឡើយ ។ ទោះជាយ៉ាងនេះក៏ដោយ នារីទាំងពីរនាក់បងប្អូនបានលើកដៃសំពះនិងលត់ជង្គង់ក្នុងបន្ទប់ ខារ៉ាអូខេសុំអង្វរឈ្មោះ ឡេ ហុកឡាយ កុំធ្វើបាបពួកនាង រហូតហេតុការណ៍នេះមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ រំដោះពួកនាងចេញពីបន្ទប់ខារ៉ាអូខេនាំមកកាន់ស្នាក់ការប៉ុស្តិ៍ រដ្ឋបាលផ្សារដើមថ្កូវដើម្បីដាក់ពាក្យបណ្តឹង។
នៅពេលដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវចុះទៅអន្តរាគមន៍នោះ គឺសមត្ថកិច្ចមិនបានឃាត់ខ្លួនជនបង្កហេតុឡើយ ហើយថែមទាំងនាំគ្នាការពារឲ្យបើករថយន្តចេញពីកន្លែងកើតហេតុតាមសម្រួលធ្វើដូចមិនមានរឿងអ្វីកើតឡើងឡើយ។
ចំពោះករណីខាងលើនេះ ចាំមើលថា តើសមត្ថកិច្ចចាត់ការយ៉ាងណាចំពោះម្ចាស់ហាងមួយនេះ។ ហើយករណីបែបនេះសម្រាប់ថៅកែហាងខាងលើក៏មិនមែនជាលើកទី១ដែរ នេះបើតាមការបង្ហើបពីមន្ត្រីនគរបាលខណ្ឌចំការមន។ តាមការរៀបរាប់របស់នារីទាំងពីរនាក់បងប្អូន គឺថៅកែហាងឈ្មោះ ឡេ ហុកឡាយ បានសម្តែងឫកពារក្នុងសកម្មភាពខាងលើ គឺមានលក្ខណៈប៉ុនប៉ងរំលោភលើពួកនាង ។ ជុំវិញបញ្ហានេះមិនទាន់មានកាបំភ្លឺពីភាគីម្ចាស់ហាងខារ៉ាអូខេយីហោ បុប្ផាជាយដែន នៅឡើយទេ ព្រោះទូរសព្ទ័ចូលហើយគ្មានអ្នកទទួល ៕