ប្រទេសថៃ ៖ យ៉ាងហោចណាស់មនុស្សចំនួន ២៤ នាក់ក្នុងនោះមានទេសចរជនជាតិម៉ាឡេស៊ី ២នាក់ផងដែរបានទទួលរងរបួសក្នុងហេតុការណ៍គប់គ្រាប់បែកចំនួន ៣ គ្រាប់នៅមុខប៉ុស្តិ៍នគរបាលមួយកន្លែងស្ថិតក្នុងស្រុកសាដាវ ខេត្តសុងក្លា ភាគខាងត្បូងប្រទេសថៃ កាលពីម្សិលមិញ ។ នេះបើយោងទីភ្នាក់ងារ ដឺណេហ្ស៊ុន របស់ប្រទេសថៃដែលបានរាយការណ៍កាលពីព្រឹកមិញនេះ។
ក្រុមមន្ត្រីសន្តិសុខបានអះអាងថា ការផ្ទុះទាំងនេះ ទំនងជាស្នាដៃរបស់ពួកបំបែកខ្លួន ប៉ុន្តែពួកគេនឹងបន្តការស៊ើបអង្កេតបន្ថែមទៀត។ ភាគច្រើននៃអ្នករបួស គឺស្នាក់នៅក្នុងសណ្ឋាគារមួយ ត្រង់កន្លែងដែលភ្ញៀវទេសចរជាតិ និងទេសចរបរទេសប្រមូលផ្តុំគ្នា។ យ៉ាងណាក៏ដោយអាជ្ញាធរបានអះអាងថា ជនរងគ្រោះទាំងអស់សុទ្ធតែរបួសស្រាល។
ការផ្ទុះគ្រាប់បែកនៅចំណុច ព្រំប្រទល់រវាងថៃនិងម៉ាឡេស៊ីលើកនេះ បណ្តាលឲ្យខូចខាតរថយន្តយ៉ាងតិច៤គ្រឿងផងដែរ។ គេជឿថា ការវាយប្រហារនេះ គឺជាការគំរាមរបស់ពួកឧទ្ទាម ស្របពេលដែលរាជរដ្ឋាភិបាល បានផ្អាកការចរចាជាមួយពួកបះបោរនាភាគខាងត្បូង។ រយៈពេលជិត១០ឆ្នាំកន្លងទៅនេះ មានមនុស្សរាប់ពាន់នាក់បានស្លាប់ ដោយសារតែការវាយប្រហាររបស់ពួកឧទ្ទាម នាភាគខាងត្បូងប្រទេសថៃ៕