ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍គ្រោះថ្នាក់ចររាចរណ៍មួយបានកើតឡើងកាលវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៣នេះ បណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលជ្រុលទៅបុករថយន្តដឹកស្រូវដែលចតស្ងៀមពីក្រោយ ឋិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចមណ្ឌលសុខភាពឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ រ៉េត វណ្ណា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្ទឹងត្រែង 1A-3324 តែម្នាក់ឯងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានទៅបុកពីក្រោយរថយន្តបែនដឹកស្រូវបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង។ ចំណែកអ្នកបើករថយន្តដឹកស្រូវពេលបានឃើញហេតុការនេះបានបានបើកគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែង និងស្វែងរកក្រុមគ្រួសារសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕