ប្រទេសហ្វីលីពីន ៖ ខ្មាន់កាំភ្លើងបានបាញ់ប្រហារមិនញញើតដៃនៅអាកាសយានដ្ឋានអន្ដរជាតិក្រុងម៉ានីល កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ បណ្តាលឱ្យស្លាប់លោក Ukol Talumpa ជាអភិបាលក្រុង Zamboanga del Sur ហើយក៏មានអ្នក ដំណើរ៣នាក់ផ្សេងទៀតបានស្លាប់ក្នុងហេតុការណ៍នោះ និងមនុស្ស ៤នាក់រងរបួស ហើយអ្នកដំណើរបានផ្អើល រត់ជាន់ជើងគ្នា ។ នេះបើយោងតាមគេហរទំព័រ ធូដេអនឡាញ របស់ប្រទេសហ្វីលីពីន។
ក្រុមមន្ត្រីបានបញ្ជាក់ថា លោកអភិបាលក្រុង Ukol Talumpa រង់ចាំជើងហោះហើរ ជាមួយក្រុមគ្រួសារ នៅក្រៅក្នុងទីធ្លា អាកាសយានដ្ឋាន ពេលនោះខ្មាន់កាំភ្លើង បានដើរចូលកៀក ហើយដកកាំភ្លើងបាញ់ប្រហារតែម្ដង មិនអាចឲ្យលោកគេចខ្លួន ទាន់ពេលវេលា។ សាច់ញាតិជនរងគ្រោះ បានបដិសេធក្នុងការធ្វើអត្ថាធិប្បាយ ជុំវិញករណីបាញ់ប្រហារខាងលើនេះ ខណៈដែលខ្មាន់កាំភ្លើង ត្រូវគេមើលឃើញ ស្លៀកពាក់ឯកសណ្ឋាន ជាប៉ូលិសបានរត់គេចខ្លួន ដោយសុវត្ថិភាព តាមរយៈម៉ូតូមួយគ្រឿង ។
សូមរំលឹកថា កាលពីឆ្នាំ១៩៨៣ ក៏មានករណីបាញ់ប្រហារ ដូចគ្នានេះដែរ ទៅលើតំណាងរាស្ដ្រដ៏ល្បីល្បាញមួយរូប នៅហ្វីលីពីន ក្នុងអាកាសយានដ្ឋាន អន្ដរជាតិក្រុងម៉ានីល។ ក្រោយមក អាកាសយានដ្ឋានអន្ដរជាតិ ក្រុងម៉ានីល ត្រូវបានប្ដូរឈ្មោះ ទៅជាអាកាសយានដ្ឋាន Ninoy Aquino ដើម្បីលើកតម្កើងស្នាដៃ របស់លោកក្នុងសង្គម ។ កូនប្រុសរបស់លោក Ninoy Aquino បច្ចុប្បន្ននេះ គឺជាប្រធានាធិបតីហ្វីលីពីន លោក Benigno Aquino III ៕