ខេត្តបាត់ដំបង ៖ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចវត្តបវេល២ ក្នុងភូមិបវេល២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបងពុទ្ធបរិស័ទជាង ១០០ នាក់និងមេភូមិចំនួន ៣ ភូមិបានធ្វើការតវ៉ាចំពោះ លោកមេឃុំបវេល ដែលហ៊ានបោះត្រាជូនលោក ហាច អ៊ឹម អាចារ្យគណកម្មការកសាង អោយសង់សាលាឆាន់បន្ត ដែលអាចារ្យនេះធ្លាប់មានប្រវត្តិ កិបកេងប្រាក់សាងសង់ កាលពីខែឧសភា ឆ្នាំ២០១៣ ពាក់ព័ន្ធនឹងបញ្ជីចាស់ មិនទាន់ដោះស្រាយចេញ ខណៈនោះកូនប្រសារ ចៅអធិការវត្ត ដែលជាយោធាកងពល ៥៣ សៀតកាំភ្លើងខ្លី មកកំញើញ និងស្រែកឡូឡា ។
តំណាងអ្នកតវ៉ាបានលើកឡើងថា មេឃុំបវេលឈ្មោះ ស សារី បានអនុញ្ញាតិបោះត្រា អោយលោក ហាច អ៊ឹម ដែលមានតួនាទីជាច្រើនដូចជា អាចារ្យគណកម្មការស្រុក អាចារ្យវត្ត បេឡា គណកម្មការសាងសង់ ជាដើមកសាងសាលាឆាន់បន្ត។ យលោក ហាច អ៊ឹម ធ្លាប់មានរឿងអាស្រូវ កាលពីខែឧសភា ឆ្នាំ២០១៣ ពាក់ព័ន្ធករណីកិបកេង ប្រាក់សាងសង់សាលាឆាន់ និងបាត់បច្ច័យរបស់វត្ត មិនទាន់ដោះស្រាយចប់ទេ ដូច្នេះពួកគាត់មិនសុខចិត្ត បើចង់សាងសង់បន្ត ត្រូវបង្ហាញបញ្ជីចាស់សិន។ ម្យ៉ាងទៀតលោកចៅអធិការព្រះនាម តាក់ សាត ហៅរ៉ាត់ មានវ័យចាស់ជរា គាត់វង្វេងច្រើនម្តងនិយាយថា ឆ្វេងម្តងនិយាយថាស្តាំ ដូច្នេះសូមជ្រើសរើស ចៅអធិការវត្តស្តីទី។
អំឡុងពេលតវ៉ានេះ បុរសសង្ហាម្នាក់មានឈ្មោះ ឡុច ជាយោធាកងពល ៥៣និងជាកូនប្រសារ ចៅអធិការវត្ត បានសៀតកាំភ្លើងខ្លី មកកំញើញពុទ្ធបរិស័ទ ដើរចុះឡើងនិងស្រែកឡូឡា គំរាមប្តឹងពលរដ្ឋចំពោះការចោទប្រកាន់ រឿងលុតវត្ត ឬសុំដូរចៅអធិការ ហើយនឹងប្តឹងអ្នកសារព័ត៌មាន ដែលចុះផ្សាយរឿងអាស្រូវទាំងនេះ។ ពុទ្ធបរិស័ទ ព្រះសង្ឃវត្តបវេល២ និងមេភូមិ ៣ភូមិ បានសំណូមពរដល់លោកអភិបាលខេត្ត ប្រាជ្ញ ចន្ទ មេត្តាចុះពិនិត្យករណីនេះផង ព្រោះរឿងអាស្រូវ នៅវត្តបវេល២ នេះកើតឡើងច្រើនខែមកហើយ ដោយថ្នាក់ឃុំ និងស្រុក បានឃុបឃិតគ្នា។
លោក ស សារី មេឃុំបវេល កាលពីវេលាម៉ោង ១០ ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ពេលលើកទូរស័ព្ទសុំមិនបកស្រាយរឿងនេះ ព្រោះជាប់យកប្រពន្ធ ទៅកាន់មន្ទីពេទ្យ។ ពាក់ព័ន្ធករណីនេះលោក ណុប សុខា ប្រធានធម្មការនិងកិច្ចសាសនា ស្រុកបវេល បានអោយដឹងថា ការសម្រេចអនុញ្ញាតិ អោយលោក ហាច អ៊ឹម អតីតគណកម្មការ សាងសង់សាលាឆាន់បន្ត គឺមានការឯកភាពគ្នា ពីថ្នាក់ឃុំ ហើយបើលោក ហាច អ៊ឹម គាត់មានលទ្ធភាពសាងសង់ គាត់អាចសង់បន្តទៀតបាន។ កាលពីមុនមានការ បោះឆ្នោត រើសគណកម្មការ ឬចៅអធិការហើយ មានតែលោក ហាច អ៊ឹម ទេដែលឈរជើងបានយូរ។ ចំពោះការកាន់តំណែងច្រើន ដោយសារខ្វះធនធានមនុស្ស ហើយពេលក្រោយ គេមិនដាក់តួនាទីច្រើន ដូចលើកនេះទេ បើចង់កែប្រែត្រូវរងចាំសិន៕