ខេត្តមណ្ឌលគិរី ៖ ដោយសារជំនួញឈើខុសច្បាប់បានធ្វើឲ្យលោក សាំង កុសល មានលុយរត់ការឡើងតំណែងជាមេបញ្ជាការកងអនុសេនាធំទី៣ ប្រចាំស្រុកកោះញែករយៈពេល១ឆ្នាំមកហើយ ដោយមានការជួយជ្រោមជ្រែងពីលោក ឃិន ម៉េងស្រេង ។ លោក សាំង កុសល ដែលមេបញ្ជាការកងអនុសេនាធំទី៣ ប្រចាំស្រុកកោះញែក ចំណុះឲ្យតំបន់សឹករងខេត្តមណ្ឌលគិរី មានព័ត៌មានខ្សឹបខ្សៀវថា ជាស្តេចត្រាញ់រកស៊ីដឹកជញ្ជូនឈើប្រណីតទៅលក់នៅប្រទេសវៀតណាមយ៉ាងគំហុកបែបអនាធិបតេយ្យ។ ជោគជ័យនៃការរកស៊ីជួញដូរឈើប្រណីតខុសច្បាប់ដោយលោក សាំង កុសល គ្មានការបង្ក្រាបធ្វើឲ្យប្រជាពលរដ្ឋដាក់ការសង្ស័យថាអាចមានការគាំទ្រពីលោក អ៊ុំ សុវណ្ណ ជាមេបញ្ជាការវរសេនាតូច ការពារព្រំដែនលេខ១០៣ ក៏ដូចជាលោក ឃិន ម៉េងស្រេង ជាមេយោធាខេត្តមណ្ឌលគិរី ផងដែរ បានជាអ្វីៗអាចដំណើរការដោយរលូនល្អ ។
គេមិនច្បាស់ទេថា តើរវាងលោក ឃិន ម៉េងស្រេង និងស្តេចត្រាញ់ រកស៊ីឈើខុសច្បាប់ឈ្មោះ សាំង កុសល នេះមានទំនាក់ទំនងអ្វីពិសេស ឬមានភាគហ៊ុនរកស៊ីឈើខុសច្បាប់ ជាមួយគ្នាឬយ៉ាងណានោះទេព្រោះបណ្តាជំនួញរកស៊ីឈើខុសច្បាប់ នៅទូទាំងខេត្តមណ្ឌលគិរី ភាកច្រើនពាក់ព័ន្ធជាមួយមន្ត្រីយោធា ។ ព្រោះគេជឿថាសិទ្ធិអំណាចត្រឹមលោក សាំង កុសល មិនហ៊ានក្អកជាមួយលោក ឃិន ម៉េងស្រេង ឬលោក អ៊ុំ សុវណ្ណ ដែលជាមេកើយនោះទេ។ អ្នករកស៊ីដែលស្គាល់លោកសាំង កុសលបានដឺងថា លោក សាំង កុសល បានដឹកជញ្ជូនឈើប្រណីត ចេញទៅលក់នៅឯប្រទេសវៀតណាមតាមច្រករបៀងព្រំដែន មួយចំនួនក្នុងស្រុកកោះញែក ដូចជាប៉ុស្តិ៍អូរលាវ ប៉ុស្តិ៍១៤ និងប៉ុស្តិ៍ម្រេច ព្រោះតែច្រករបៀងទាំង ៣កន្លែងនេះ ក៏ស្ថិតក្រោមការក្តោបក្តាប់របស់កងអនុសេនាធំទី៣ ដែលគាត់គ្រប់គ្រងចំណុះឲ្យវរ សេនាតូចព្រំដែនលេខ១០៣ នៃតំបន់ប្រតិបត្តិការសឹករង ខេត្តមណ្ឌលគិរីដែលមានលោក អ៊ុំ សុវណ្ណ ជាមេបញ្ជាការ ផងដែរ។
ចាប់តាំងពីលោក សាំង កុសល មានសិទ្ធិផ្តាច់មុខគ្រប់គ្រងច្រករបៀងទាំង ៣ កន្លែងនេះ គេសង្កេតឃើញលោក សាំង កុសល កាន់តែមានអំណាចពេញដៃក្នុងការដឹកជញ្ជូនឈើខុសច្បាប់ ទាំងយប់ទាំងថ្ងៃ ទោះបីជាភ្លៀងធ្លាក់ខូចផ្លូវ ពិបាកធ្វើដំណើរក៏ដោយ ក៏មិនដែលរំខានដល់ជំនួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ យ៉ាងពេញបន្ទុករបស់លោក សាំង កុសល នោះទេ ។ គេចង់ឃើញសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសជំនាញរដ្ឋបាលព្រៃឈើ ពិនិត្យមើលភាពអនាធិបតេយ្យនៃការរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់នៅខេត្តមណ្ឌលគិរី ជាពិសេសនៅចំណុចស្រុកកោះញែក ឡើងវិញផង ដែលយ៉ាងហោចណាស់ បង្ហាញពីការយកចិត្តទុកដាក់ អនុវត្តន៍តាមបទបញ្ជា ក្នុងការបង្ការបង្ក្រាបទប់ស្កាត់ការដឹកជញ្ជូនឈើខុសច្បាប់ ទាំងនៅក្នុងស្រុក ក៏ដូចជាការនាំចេញ ទៅលក់នៅប្រទេសវៀតណាមនោះ ៕