ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានលោក អភិបាលខេត្តប ន្ទាយមានជ័យ ដេញចេញពីបន្ទប់ប្រជុំនៅក្នុងកិច្ចប្រជុំមួយស្តីពីការត្រួតពិនិត្យសន្តិសុខសណ្ដាប់ធ្នាប់ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។
យោងតាមសេចក្ដីរាយការណ៍ឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះមានអ្នកចូលរួមប្រមាណជាង២រយនាក់ មានសមាភាពមកពីកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្ត មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋផងដែរ ។ គ្រាដែលលោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យឡើងថ្លែង ជម្រុញឲ្យសមត្ថកិច្ច ចាត់វិធានការ លើរថយន្តដឹកហ្គាសធំៗដែលចតគ្មានសណ្ដាប់ធ្នាប់តាមផ្លូវ គាត់ក៏ក្រឡេកឃើញលោក អាន វណ្ណៈ ប្រធានស្នាក់ការ ត្រួតពិនិត្យច្រកទ្វារ អន្តរជាតិប៉ោយប៉ែតឱនខ្សឹមគ្នាធ្វើមិនដឹង ដោយមិនចាប់អារម្មណ៍ចំពោះការលើកឡើងនោះឡើយ ។
ទិដ្ឋភាពនេះ បានធ្វើឲ្យលោកអភិបាលខឹងសម្បារយ៉ាងខ្លាំង ហើយបានចង្អុលឲ្យលោក អាន វណ្ណៈ ក្រោកឈរ ដោយសួរថា មុននេះខ្ញុំនិយាយថាម៉េច ? ចំពោះសំនួរនេះ លោក អាន វណ្ណៈ បានត្រឹមតែឈរអេះអុញ និងឆ្លើយតបតាមអ្នកបោះព្រីយុងពីអ្នកដទៃ ។ ក្នុងស្ថានភាពបែបនេះ លោកអភិបាលបានព្រមានធ្ងន់ៗ ថា បើលោកឯងមិនស្តាប់ទេ សូមចេញទៅក្រៅឲ្យបាត់ទៅ ព្រោះខ្ញុំ មកប្រជុំថ្ងៃនេះ គឺរឿងច្រកទ្វារ របស់លោកឯង ហើយបើលោក មិនធ្វើការជូនប្រជាពលរដ្ឋ តើលោកស៊ីប្រាក់ខែរដ្ឋធ្វើអ្វី ? ។
គួរបញ្ជាក់ថា នៅក្នុងខេត្តបន្ទាយមានជ័យ មានមន្ត្រីជាច្រើនណាស់ ដែលគឃ្លើន ទៅនឹងបទបញ្ជា របស់រដ្ឋាភិបាល ឬក៏មេដឹកនាំរបស់ខ្លួន ។ ប៉ុន្តែនេះជាលើកទីមួយហើយ ដែលត្រូវបានចាត់វិធានការ ៕