ខេត្តមណ្ឌលគិរី ៖ ឪពុកល្មោភកាមម្នាក់ត្រូវបានកូនស្រីបង្កើតរបស់ខ្លួនប្តឹងឲ្យសមត្ថកិច្ចចាប់ឃាត់ខ្លួន ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈលើរូបនាង ។ ការឃាត់ខ្លួននេះធ្វើឡើងនៅព្រឹកថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៣ នេះ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត។
ជនសង្ស័យដែលសត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ កូត ញើន អាយុ៥៣ឆ្នាំ ជនជាតិព្នង មានទីលំនៅភូមិហ្គាទី ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
បើតាមការរៀបរាប់ប្រពន្ធជនសង្ស័យឈ្មោះ មឿយ យ្រ៉ូត អាយុ៥៣ឆ្នាំ ជនជាតិព្នង បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ ប្តីរបស់គាត់ប៉ុនប៉ងរំលោភកូនស្រីរបស់គាត់ឈ្មោះ ញ.អ អាយុ២៧ឆ្នាំ ដែលដេកក្នុងបន្ទប់លើផ្ទះ ។ នៅពេលគាត់កំពុងដេកខាងក្រោមផ្ទះលង់លក់ស្រាប់តែបានឮសំឡេងកូនស្រីស្រែកឲ្យជួយ ពេលនោះគាត់បានឡើងទៅមើលក៏បានឃើញប្តីរបស់គាត់នៅក្នុងម៉ុងជាមួយកូនស្រី ហើយគាត់បានទាញដៃប្តីចុះមកវិញរួចស្រែកឲ្យគេជួយ ។ នេះមិនមែនជាលើទីដំបូងទេដែលប្តីរបស់គាត់ធ្វើទៅលើកូនស្រីបង្កើត រហូតកូនស្រីបានមកប្រាប់គាត់ថា ឪពុកធ្លាប់និយាយសុំរួមភេទជាមួយកូនម្តងបាន លើកក្រោយឪពុកឈប់ធ្វើបែបនេះទៀតហើយ ។
ជនសង្ស័យបានសារភាពនៅចំពោះសមត្ថកិច្ចថា ខ្លួនពិតជាបានមានបំណងរំលោភកូនស្រីបង្កើត ប្រាកដមែន ប៉ុន្តែមិនដែលបានរួមរ័កម្តងនោះឡើយ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕