ខេត្តបាត់ដំបង ៖ ភ្នំបាណន់ គឺជាទីរមណីយដ្ឋានលាក់បំពួនសម្រស់ប្រាសាទបាណន់ ដែលជាបេតិកភណ្ឌជាតិ និងជាមោទនភាពជាតិក្រៃលែង សម្រាប់កូនខ្មែរជំនាន់ក្រោយ។ ប្រាសាទនេះត្រូវបានកសាងឡើងក្នុងរជ្ជកាលអតីតព្រះមហាក្សត្រខ្មែរពីរព្រះអង្គ ក្នុងគោលបំណងឧទ្ទិសទៅដល់ទេវ និងជាទីសម្រាប់សក្ការៈបូជា បែបន់នៅពេលមានសឹកសង្គ្រាម ឬគ្រោះធម្មជាតិ។ រចនាបទនៃ ប្រាសាទភ្នំបាណន់ អមដោយសម្រស់ព្រៃភ្នំពណ៌បៃតងស្រស់របស់ទីរមណីយដ្ឋាននេះ បាននឹងកំពុងទាក់ទាញប្រជាប្រិយភាពបណ្តាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឆ្ងាយជិតឱ្យអញ្ជើញទៅទស្សនា ដើម្បីបានស្វែងយល់ពីទេពកោសល្យស្នាដៃល្អឯក ដែលជាកេមរតកដូនតាខ្មែរបន្សល់ទុកតាំងពីសម័យមហានគរ។
ប្រាសាទភ្នំបាណន់ អាចនិយាយបានថា ជាទីរមណីយដ្ឋានប្រវត្តិសាស្ត្រមួយនៅក្នុងខេត្តបាត់ដំបង ដែលមានទីតាំងភូមិសាស្ត្រ ស្ថិតនៅទិសពាយ័ព្យ ឬខាងលិចឆៀងខាងជើងនៃប្រទេសកម្ពុជា។ សូមបញ្ជាក់ថា តំបន់ទីរមណីយដ្ឋានភ្នំបាណន់នេះ មានចម្ងាយ២៥គីឡូម៉ែត្រ នៅប៉ែកខាងត្បូងទីរួមខេត្តបាត់ដំបង។ លោកអ្នកអាចធ្វើដំណើរតាមផ្លូវមួយខ្សែប្របមាត់ស្ទឹងសងែ្កឆ្ពោះទៅមុខ រហូតដល់ចំណុច ភូមិកន្ទឺ ឃុំកន្ទឺ ស្រុកបាណន់ នោះនឹងបានពើបប្រទះ ទីរមណីយដ្ឋានប្រាសាទភ្នំបាណន់ជាក់ជាពុំខាន។ គួរបញ្ជាក់ផងដែរថា នៅតាមជើងភ្នំប្រាសាទបាណន់ មានគូទឹកពីរ គឺល្អាងព្រះទឹក និងល្អាងបិទមាស។
លោក គង់ ប៊ុនរឿង ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានរៀបរាប់អំពីប្រវត្តិនៃការកសាងប្រាសាទនៅលើកំពូលភ្នំបាណន់នេះថា “ បានប្រដិស្ឋានឡើងក្នុងអំឡុងសតវត្សទី១១-១២ គឺនៅក្នុងរជ្ជកាលព្រះបាទ ឧទយាទិត្យវរ្ម័នទី២ នាឆ្នាំ១០៥០ដល់១០៦៦។ ប៉ុន្តែការដឹកនាំកសាងរបស់ព្រះអង្គ មិនបានបញ្ចប់រួចរាល់ជាស្ថាពរនោះទេ ទើបក្រោយមកព្រះបាទជ័យវរ្ម័នទី៧ ក៏បន្តកសាងបញ្ចប់ក្នុងឆ្នាំ១១៨១ដល់ឆ្នាំ១២១៩ នៅលើកំពូលភ្នំមានកម្ពស់១០០ម៉ែត្រ។ ដើម្បីឡើងទៅឱ្យដល់ប្រាសាទនេះបាន លោកអ្នកជាភ្ញៀវទេសចរ ត្រូវធ្វើដំណើថ្មើរជើងឆ្លងកាត់តាមជណ្តើរមួយខ្សែមានចំនួន៣៥២កាំ ឯណោះ ”។
លោកប្រធានមន្ទីរទេសចរណ៍ បានបន្តសម្តីបន្ថែមថា “ តួប្រាសាទបាណន់លើកំពូលភ្នំនេះ សាងសង់ពីថ្មបាយក្រៀម និងថ្មភក់ មានកំពូល៥ ដោយកំពូល៤ជ្រុងបញ្ជាក់ប្រាប់គ្រប់ទិស និងកំពូលធំមួយនៅចំកណ្តាលប្រាសាទ ស្ថិតនៅត្រង់ចំណុចផ្លូវឡើងពីទិសខាងកើត ជាប្រាសាទតាដំបងដែក ដែលតាំងពីសម័យមុនមកមានរូបសំណាកតាដំបងដែកនៅឈរចាំយាម ហើយធ្លាប់បានចោរលួចយកចេញ តែត្រូវប៉ូលីសចាប់បានក្នុងឆ្នាំ២០១១មកវិញ ”។
ឯកំពូលប្រាសាទទី២ នាទិសខាងត្បូងឈ្មោះ ប្រាសាទទម្លាក់ដូង ដែលចាស់ទុំជំនាន់ដើម បានតំណាលប្រាប់កូនចៅជំនាន់ក្រោយថា “ ក្នុងប្រាសាទនេះមានល្អាងមួយអាចចុះទៅក្រោម តែពុំដែលមានមនុស្សណាម្នាក់ហ៊ានចុះទៅទេ គឺបានត្រឹមតែពិសោធន៍មើលនៅរៀងរាល់ពេលបុណ្យទាន ដែលអ្នកស្រុក ឬភ្ញៀវទេសចរ បានអញ្ជើញដល់ តែងតែយកផែ្លដូងទៅទម្លាក់ក្នុងល្អាងប្រាសាទនោះ រួចហើយមករង់ចាំមើលនៅខាងក្រោមនៃមាត់ស្ទឹងសងែ្កដែលមានរូងមួយ ក៏ឃើញដូងនោះធ្លាក់ចុះមក ហូរតាមទឹកចូលក្នុងស្ទឹងសងែ្កតែម្តង ”។
ប្រសិនបើស្តាប់តាមសម្តីចាស់ទុំក្នុងស្រុកវិញ បានតំណាលឱ្យយើងដឹងពីប្រវត្តិនៃជំនឿនេះថា “ ប្រាសាទភ្នំបាណន់នេះ ពីដើមគេហៅថា ប្រាសាទភ្នំបែបន់។ នៅពេលណាអ្នកស្រុកមានគ្រោះអាសន្ន គេតែងនាំគ្នាមកបន់ស្រន់ លុះត្រាណាតែបានសម្រេចបំណង ក៏វិលមកសែនព្រេនលាបំណន់វិញ ទើបជាប់ឈ្មោះថា ប្រាសាទភ្នំបាណន់ ជាប់រហូតមកដល់សព្វថ្ងៃនេះ។ កាលពីដើមឡើយ តំបន់នេះមានកូនភ្នំតូចមួយហ៊ុំព័ទ្ធទៅដោយទឹកសមុទ្រដាច់កន្ទុយភ្នែក ដែលមានរឿងព្រេងនិទាននាងរំសាយសក់ បានច្បូតសក់បឺតសម្រកទឹកសមុទ្រ ដើម្បីសម្លាប់សត្វក្រពើអាធន សង្គ្រោះជីវិតស្តេចមួយព្រះអង្គ និងមនុស្សម្នាមួយសំពៅ ”។
ចំណែកអ្នកលក់ដូរគ្រឿងសំណែន ក៏បានរៀបរាប់ដែរថា “ កាលពីមុនគេច្រើនតែសែនផ្លែដូង និងផ្លែក្រូច ដែលយើងយកមកចារនូវប្រាថ្នារបស់ខ្លួន និងទម្លាក់ចូលទៅក្នុងល្អាង ហើយត្រូវរង់ចាំរយៈពេលពី៥ទៅ១០នាទី ប្រសិនបើផ្លែឈើនោះផុះឡើងមកវិញ នោះសេចក្តីបំណងប្រាកដជានឹងបានសម្រេច។ ប៉ុន្តែសម័យឥឡូវ អ្នកជំនឿច្រើនតែប្រើធូបអុជបួងសួង ដោយសន្យាជាថ្ងៃខែ ឬឆ្នាំទៅវិញ ”។
សក្តានុពលទេសចរប្រាសាទភ្នំបាណន់ គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រផង និងជាទីរមណីដ្ឋានធម្មជាតិផង ព្រោះថា ប្រាសាទបាណន់ ដែលបានកសាងឡើងដោយអតីតព្រះមហាក្សត្រខ្មែរ ប៉ុន្តែប្រតិដ្ឋានឡើងនៅលើកំពូលភ្នំ អមជុំវិញទៅដោយរុក្ខជាតិពណ៌បៃតងស្រស់គ្រប់រដូវកាល ព្រមជាមួយនឹងខ្សែស្ទឹងសង្កែហូរមិនចេះដាច់នៅជាប់ជើងភ្នំ។ ជារៀងរាល់ថ្ងៃឈប់សម្រាក និងឱកាសបុណ្យទាននានា គេសង្កេតឃើញថា តែងមានភ្ញៀវទេសចរនាំគ្នាមកកម្សាន្តជាលក្ខណៈគូសង្សារ ឬក្រុមគ្រួសារ ជារឿយៗ ពិសេសថ្ងៃសៅ និងថ្ងៃអាទិត្យ។ លោក សុ ភ័ក្ត្រ នគរបាលទេសចរប្រចាំតំបន់ប្រាសាទភ្នំបាណន់នេះ បានឱ្យដឹងថា “ ភាគច្រើនភ្ញៀវជាតិមានកំណើនតួលេខចូលមកកម្សាន្តច្រើនជាងភ្ញៀវអន្តរជាតិ នេះបើយោងតាមរបាយការណ៍បូកសរុបប្រចាំឆ្នាំ កន្លងមក”។
ទាំងនេះសបញ្ជាក់ឱ្យឃើញថា ការជឿទៅលើជំនឿនាំមកនូវសេចក្តីសុខសុភមង្គល វាអាស្រ័យទៅលើតំបន់ស័ក្តិសិទ្ធ និងការនិយមតគ្នា។ ប៉ុន្តែមានជំនឿអរូបិយខ្លះ ក៏តោងឱ្យមានការវិភាគថ្លឹងថ្លែងសមហេតុសមផល ជាមុនសិន។ ដូច្នេះមានតែវត្តមានរបស់អស់លោកអ្នកជាភ្ញៀវទេសចរ ដែលអញ្ជើញទៅកម្សាន្តនៅទីនោះដោយផ្ទាល់តែប៉ុណ្ណោះ ទើបអាចស្វែងយល់យ៉ាងច្បាស់ អំពីទីរមណីយដ្ឋានប្រវត្តិសាស្ត្រផង និងជាទីរមណីយដ្ឋានធម្មជាតិផង បាននឹងកំពុងលាក់បំពួននូវអបិយជំនឿ គួរឱ្យចង់ស្វែងយល់៕