រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈដែលពួកគេកំពុងជិះម៉ូតូក៏ត្រូវរថយន្ដមួយគ្រឿងពាក់ស្លាកលេខរដ្ឋបើកបុកក្នុងទិសដៅបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង ។ ករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១២ និង ២០ នាទីរលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅ ចំណុចមុខទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្ដោយផ្លូវលេខ២៨៩ ភូមិទី១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដបង្កម៉ាកមីតស៊ុយប៊ីស៊ីត្រាយតុន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ២០ ២-០៣១៥ បើកបរដោយបុរសម្នាក់ក្នុងសភាពស្រវឹងស្រាក្នុងល្បឿនយ៉ាងលឿន តាមបណ្ដោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចកើតហេតុរថយន្ដបង្កបានទៅបុកម៉ូតូម៉ាកសង់កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញញ 1M-0513បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹង បណ្ដាលឱ្យភាគីម៉ូតូស្លាប់ម្នាក់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ រីឯម៉ូតូកៀបជាប់ក្រោមរថយន្ដ ។ ដោយឃើញហេតុការណ៍បែបនេះអ្នកបើកបររថយន្តបង្កបានគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ក្រោយហេតុសមត្ថកិច្ចចុះធ្វើការវាស់វែង ចំពោះរថយន្ដ និងម៉ូតូត្រូវសមត្ថកិច្ចទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់ចូលខ្លួន មកដោះស្រាយគ្នាតាមក្រោយ ។ ជនរងគ្រោះរងបួសធ្ងន់ត្រូវរថយន្ដសាមុយដឹកយកទៅសង្គ្រោះនៅគ្លីនិក ឃីម រ៉ានី ។ ចំណែកសាកសពបុរសម្នាក់ទៀតត្រូវបានរថយន្ដដឹកយកទៅតម្កល់នៅវត្ដសំបួរមាសដើម្បី ស្វែងរកបងប្អូនយកសពទៅធ្វើបុណ្យតាមប្រពៃណី៕