ទំនិញ​ឡើងថ្លៃ​យ៉ាងគំហុក ចោទ​ជា​បញ្ហា​ចំពោះ​អាជីវករ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​កំណែទម្រង់ពន្ធ ដើម្បី​ពង្រឹង​ប្រាក់ចំណូល​ក្នុងស្រុក​របស់​រដ្ឋាភិបាល រយៈពេល​៣​ខែ​ចុង​ក្រោយនេះ​តម្លៃ​ទំនិញ​នៅតាម​ទីផ្សារ​ឡើងថ្លៃ​យ៉ាងគំហុក បើ​គិតពី​តម្លៃ​ទំនិញ​សំខាន់ៗ ដែល​នាំចូល​ទ្រង់ទ្រាយ​ធំ គឺ​កើនឡើង​ចន្លោះ​ពី ១៥​ទៅ​២០ ភាគរយ ហើយ​សម្រាប់​តម្លៃ​ទំនិញ លក់រាយ​បាន​កើនឡើង​ចន្លោះ​ពី ១​ពាន់​រៀល ទៅ​១៥០០​រៀល ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ​។ មន្ត្រី​គយ​មួយចំនួន មិនបាន​ខ្វល់ខ្វាយ​ថា ទំនិញ​ឡើងថ្លៃ​ដោយ​របៀប​ណា​ទេ ពួកគេ​គិតតែ​អនុវត្តន៍ ការប្រមូល​ពន្ធ​ឲ្យ​បាន ១០០​ភាគរយ​ទៅតាម​ផែនការ និង​សេចក្តីណែនាំ​របស់​ថ្នាក់លើ ប៉ុន្តែ​ក្រុម​ជំនាញ​ផ្នែក​សេដ្ឋកិច្ច បាន​អះអាងថា ទំនិញ​ដែល​ឡើងថ្លៃ យ៉ាងគំហុក​នៅពេលនេះ ផ្តើមចេញពី​បញ្ហា​ពន្ធ​ចំនួន ៣​ប្រភេទ ដើម្បី​ពង្រឹង​ប្រាក់ចំណូល​ក្នុងស្រុក​របស់​រដ្ឋាភិបាល​។​

 

​មិន​ត្រឹមតែ​ប្រជារាស្ត្រ​ខ្មែរ តូចតាច​នោះទេ សូម្បីតែ​ឈ្មួញ​ធំៗ និង​អាជីវករ​តាម​សណ្ឋាគារ សហគ្រាស ភោជនីយដ្ឋាន មួយចំនួន​ក៏បាន​លើកឡើង អំពី​បញ្ហា​ថ្លៃដើម ដែល​ត្រូវ​ចំណាយ​ខ្ពស់ នាំ​ឲ្យ​ពួកគេ​ដំឡើង​តម្លៃ​សេវាកម្ម ទៅតាម​នោះ​ផងដែរ ហើយ​ផលប៉ះពាល់​ខ្លាំង​បំផុត ចោទ​ទៅលើ​សេវាកម្ម ផ្នែក​ទេសចរណ៍ ដែល​គេ​ដឹងថា កញ្ចប់​សេវា​កម្មនា ពេលបច្ចុប្បន្ន​នេះ ថ្លៃ​ជាង​បណ្តា​ប្រទេស ក្បែរ​ខាង​ស្រាប់​ទៅហើយ បែរជា​រង​នូវ​ការដំឡើងថ្លៃ បន្ថែមទៀត​។ មាន​ផលប៉ះពាល់​ទាំង​ប្រយោល និង​ដោយផ្ទាល់​ចំពោះ​ការឡើង​ថ្លៃទំនិញ គួរ​ឲ្យ​ព្រួយបារម្ភ​នៅពេលនេះ គឺ​មិន​ត្រឹមតែ​ប្រជារាស្ត្រ​ក្រីក្រ នោះទេ សូម្បីតែ​ឈ្មួញ​ធំៗ ក៏​កំពុង​ជួប​បញ្ហា​នៃ​ការ ផ្គត់ផ្គង់​ទំនិញ​ផ្សេងៗ ហើយ​បុគ្គលិក​នៅតាម ក្រុមហ៊ុន​មួយចំនួន ក៏បាន​ទាមទារ​សុំ​ដំឡើង​ប្រាក់ខែ ដើម្បី​ឲ្យ​មាន​តុល្យភាព​ទៅនឹង តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ នាពេល​បច្ចុប្បន្ន​។​

 

​មន្ត្រី​ផ្នែក​ប្រមូល​ពន្ធ​ម្នាក់ បាន​លើកឡើងថា មាន​ពន្ធ​ចំនួន ៣​ប្រភេទ​ដែល​អ្នក នាំចូល​ទំនិញ​ត្រូវ​បង់ រួមមាន​ពន្ធ​លើ​ការ នាំចូល​ទំនិញ ពន្ធអាករ​លើ​ទំនិញ​ជាក់លាក់ និង​ពន្ធអាករ លើ​តម្លៃ​ទំនិញ​បន្ថែម​។ ប្រជាពលរដ្ឋ​សាមញ្ញ មិនបាន​ដឹងថា ការ​នាំចូល​ទំនិញ ត្រូវ​បង់ពន្ធ​អ្វីខ្លះ​ទេ ប៉ុន្តែ​អ្នករកស៊ី​ថ្នាក់កណ្តាល​ម្នាក់ បាន​និយាយ តាមរបៀប​សាមញ្ញ​ថា ការ​នាំចូល​ទំនិញ ត្រូវ​បង់ពន្ធ ១០០​ភាគរយ​ទៅតាម ការកែទម្រង់​របៀបរ​បប​ថ្មី ហើយ​សម្រាប់​ទំនិញ ដែល​នាំចូល​ក៏ត្រូវ បង់ពន្ធ​អាករ​ចំនួន ៣០​ភាគរយ និង​ត្រូវ​បង់ពន្ធ​លើ​តម្លៃបន្ថែម ចំនួន ១០​ភាគរយ​ថែមទៀត ហើយ​បើ​គិតពី​ការចំណាយ សម្រាប់​បង់ពន្ធ និង​សេវាកម្ម​កើន​ដល់​ទៅ ១៨០​ភាគរយ​បាត់ទៅហើយ ដូច្នេះ​តើ​ឲ្យ​ទំនិញ​ត្រូវ​លក់​ចេញ​ក្នុងតម្លៃ​ទាប ដូចពេលមុន​ម្តេច​នឹង​កើត​។​

19-12-2013

​ក្រុមអាជីវករ​ធំៗ​មួយចំនួន បាន​លើកឡើងថា ទំនិញ​ឡើងថ្លៃ​ដោយសារតែ​រដ្ឋ កំពុង​អនុវត្តន៍​គោលការណ៍​ប្រមូល​ពន្ធ​ឲ្យ​បាន ១០០​ភាគរយ ហើយ​តម្លៃ​ទំនិញ ចាប់ផ្តើម​កើនឡើង​ប្រហែល ១៥​ភាគរយ ទៅ ២០​ភាគរយ​។ តម្លៃ​ទំនិញ​ខ្ពស់កប់ពពក​បែបនេះ នាំ​ឲ្យ​ម្ចាស់​សេវាកម្ម ផ្នែក​ទេសចរណ៍​ដូចជា​ភោជនីយដ្ឋាន និង​សណ្ឋាគារ កំពុងមាន​ការព្រួយបារម្ភ ដោយសារតែ​ការចំណាយ ថ្លៃដើម​កើនឡើង​ខ្ពស់ នាំ​ឲ្យ​ប្រាក់ចំណេញ​ធ្លាក់ចុះ ហើយ​ពេលខ្លះ​ត្រូវ​បង្ខំចិត្ត ដំឡើងថ្លៃ​សេវាកម្ម ថ្លៃ​ម្ហូបអាហារ ដើម្បី​ឲ្យ​សមស្រប​ទៅនឹង តម្លៃ​ទំនិញ​លើ​ទីផ្សារ នាំ​ឲ្យ​ភ្ញៀវ​រអ៊ូរទាំ​យ៉ាងខ្លាំង​។ តម្លៃ​ទំនិញ​នឹង​កើនឡើង​ខ្ពស់ ក្នុង​រយៈពេល ៦​ខែ​ខាងមុខនេះ ប្រសិនបើ​គ្មាន​វិធានការ ក្នុងការ​បញ្ចុះតម្លៃ​ទំនិញ ឲ្យ​បាន​សមស្រប​ទេនោះ ដូច្នេះ​ទាំង​ប្រជាពលរដ្ឋ ក៏ដូចជា​ក្រុម​ឈ្មួញ​សុទ្ធតែ រង​នូវ​ផលប៉ះពាល់ ទាំង​ប្រយោល និង​ដោយផ្ទាល់ គ្រប់ៗ​គ្នា​មិន​ខុសពី​ស្ថានភាព ដែល​ស្ថិតនៅក្រោម​មេឃ កំពុង​ភ្លៀង​នោះទេ​៕

 

Leave a Reply

(*) Required, Your email will not be published