ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះដែលជាជនជាតិឥណ្ឌា ដែលជនសង្ស័យបានធ្វើសកម្មភាពលួចទូរស័ព្ទដៃកាលពីវេលាម៉ោង ១ យប់រំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ មុខវត្តបាលិលេយ្យ ស្ថិតភូមិ ក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ការឃាត់ខ្លួននេះធ្វើឡើងកាលម៉ោង១១ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចផ្លូវរថភ្លើងស្ថិតក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ យ៉េង យ៉ត ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅស្ថិតភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ចំណែកជនរងគ្រោះជាជនជាតិឥណ្ឌាមានឈ្មោះ ប្រាវីត កុយម៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជាភ្ញៀវទេសចរណ៍។
នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចទូរស័ព្ទជនរងគ្រោះមែន ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបានផ្លូវច្បាប់៕