ខេត្តកំពង់ឆ្នាំង ៖ សេចក្តីស្រេកឃ្លាន តណ្ហាកាមគុណ បានគ្រប់បាំងបុរសម្នាក់ រហូតដល់ហ៊ានចាប់រំលោភក្មេងស្រីម្នាក់ ដើម្បីបំពេញកិលេសតណ្ហារបស់ខ្លួន បើទោះជាបុរសម្នាក់មានប្រពន្ធរហូតដល់ទៅ ៣ នាក់រួចទៅហើយ ។ ការបំពេញកិលេសខុសបែបផែននេះបានធ្វើឲ្យបុរសម្នាក់បានត្រឹមជាប់ខ្នោះសមត្ថកិច្ច បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ក្រុមគ្រួសារនារីរងគ្រោះ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ ។
បុរសល្មោភកាមដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះមានឈ្មោះ មឿន សុផាត ហៅស្រួច អាយុ ២៦ឆ្នាំ មានទីលំនៅភូមិភ្នំតាសាំ ឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ ។ ចំណែកកុមារីរងគ្រោះមានអាយុ ១៤ឆ្នាំ ស្នាក់នៅក្បែរជនសង្ស័យ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថា កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ បុរសជាជនសង្ស័យបានទៅផ្ទះកុមារីរងគ្រោះ ហើយបានទិញស្រាចំនួន១លីត្រ រួចបាននាំឪពុក និងបងប្រុសកុមារីរងគ្រោះផឹកទាំងអស់គ្នារហូតដល់ម៉ោង៧យប់ម្ចាស់ផ្ទះបានរៀបចំបាយហូបជុំគ្នា រួចមកបុរសជាជនសង្ស័យបានត្រឡប់ទៅផ្ទះវិញ ។ ប៉ុន្តែនៅម៉ោងប្រមាណ ១១ យប់ ស្រាប់ជនសង្ស័យបានត្រឡប់មកវិញ ហើយបានឡើងទៅលើផ្ទះចូលដេកក្នុងមុងជាមួយកុមារីរងគ្រោះ និងបានរួមភេទជាមួយនាងបានសម្រេច ។ បន្ទាប់មកជនសង្ស័យក៏ចុះមកដី ។ មួយសន្ទុះក្រោយមកកុមារីរងគ្រោះបានចុះមកបត់ជើង ស្រាប់តែជនសង្ស័យដែលមិនទាន់ទៅណាបានចាប់កុមារីរងគ្រោះបំណងរំលោភម្តងទៀត តែត្រូវនាងស្រែកឲ្យឪពុកម្តាយនាងជួយ ធ្វើឲ្យជនសង្ស័យភ័យរត់គេចខ្លួនបាត់ លុះស្អែកឡើងឪពុកម្តាយកុមារងគ្រោះបានដាក់ពាក្យប្តឹង និងចាប់ឃាត់ខ្លួនតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយនាងមែនតែមិនបានចាប់បង្ខំទេ ព្រោះពួកគេបានស្រឡាញ់គ្នាជាយូរមកហើយ ។ បុរសរូបនោះបានបញ្ជាក់ថា រូបគេធ្លាប់មានប្រពន្ឋចំនួន៣ តែយកលែងៗ មានកូន២នាក់ កូនជាមួយប្រពន្ឋទី១ និងទី២ម្នាក់១ ។ តែទោះជាយ៉ាងណាក៏ដោយ រឿងរ៉ាវប្រកែកស្រីប្រកាន់នេះ សមត្ថកិច្ចកំពុងតាមដាន និងបញ្ជូនសំណុំរឿងទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕