ស្វែងយល់​ពី​ប្រវត្តិ​ល្ខោនបាសាក់​ ដើម្បី​កុំ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ

, , Leave a comment

​យោងតាម​គេហទំព័រ វិ​គី​ភី​ឌា​បាន​បង្ហាញថា ទម្រង់​សិល្បៈ​ទស្ស​នី​យ​ភាព​​ខ្មែ​រ​​បា​ន​​​យោន​​យ​ក​ឈ្មោះ​​ក្នុង​​​លក្ខណៈខុសៗ ប្លែក​គ្នា​ជាច្រើន​។ ទម្រង់​ខ្លះ​បាន​យកឈ្មោះ​ចេញ​អំពី​ឧបករណ៍​តន្ត្រីវង់​តន្ត្រី ណាមួយ ដូចជា​ល្ខោន​យីកេ ឫ​ល្ខោន​មហោរី​ជាដើម​។ ប៉ុន្តែ​ទម្រង់​ខ្លះទៀត​បាន​យកឈ្មោះ​ពី​សិល្បករ​ដែលមាន​ប្រជាប្រិយភាព ខ្លាំង​លើសលប់​ដូចជា​សិល្បៈ​ចម្រៀង​អា​យ៉ៃ​។​

17-12-2013

​ចំណែក​ល្ខោនបាសាក់​វិញ ក៏​មិន​ខុសពី​ទម្រង់​ដទៃទៀត​ប៉ុន្មាន​ដែរ ប៉ុន្តែ​បាន​យកឈ្មោះ​របស់ខ្លួន​ពី​ទីកន្លែង​កំណើត​នៃ​ទម្រង់​សិល្បៈ​នេះ បាន​រីកចម្រើន​ទៅវិញ ពោលគឺ​ល្ខោនបាសាក់​មាន​ដើមកំណើត​នៅ​ស្រុក​បាសាក់​ខេត្ត​ឃ្លាំង​ទល់មុខ ព្រះ​ត្រពាំង​កម្ពុជា​ក្រោម ។ ទឹកដី​កម្ពុជា​ក្រោម​នេះ​ត្រូវបាន​ពួក​អាណានិគមនិយម​បារាំង​កាត់​ទៅ​ឲ្យ វៀតណាម ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ១៩៤៩​។ ឥឡូវ​ស្ថិតនៅ “​ភាគខាងត្បូង​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​សព្វថ្ងៃ​”​។ បាសាក់ ជា​ឈ្មោះ​ទន្លេ​មួយ​ដែលជា ខ្នែង​មួយ​នៃ​ទន្លេមេគង្គ​ទាំង​បួន​ដែល​ប្រសព្វ​គ្នា​នៅ​ភ្នំពេញ “​ចតុម្មុខ​” ។ ទន្លេ​នេះ​បាន​ហូរ​កាត់​ទៅ​ទិស​ខាងត្បូង​ចាក់​ទៅក្នុង​ឈូង​សមុទ្រ​ចិន ហើយ​នៅលើ​ដង​ទន្លេ​នេះហើយ​ដែលជា​ទីតាំង​នៃ​ស្រុក​បាសាក់ ខេត្ត​ឃ្លាំង​ទល់មុខ​នឹង​ខេត្ត​ព្រះ​ត្រពាំង ដែល​ល្ខោនបាសាក់​បានចាប់កំណើត​ឡើង ។ តំបន់​នេះ​ក៏ដូចជា​តំបន់​ដទៃទៀត មាន​ប្រជាជន​ខ្មែរ​រស់នៅ​ច្រើន​ជា​តំបន់​មាន​អារ្យធម៌ និង​មាន​កេរដំណែល​វប្បធម៌​ខ្មែរ​ពី​បរម​បុរាណ​ច្រើន​ដូចជា​ប្រាសាទ ស្រះ​បុរាណ វត្ត​អារាម តន្ត្រី​ច្រើន​វង់ និង​ល្ខោន​ច្រើន​ប្រភេទ ដូចជា​យីកេ​រ្តិ៍ និង​ល្ខោន​យក្ស​រាំ​ជាដើម ។​ល​។ និង ។​ល​។​

 

​តាម​ព័ត៌មាន​ដែល​ទទួលបាន ល្ខោនបាសាក់ សព្វថ្ងៃនេះ​មាន​ប្រភព​មកពី​ល្ខោន​ទ្រើង​ឃ្លោង ហើយ​បាន​រីកចម្រើន​ឡើង​ដោយ​ស្នាដៃ​បញ្ញវន្ត​មួយក្រុម​ដែលមាន​ចំណេះ​ជ្រៅ ជ្រះ​ខាង​អក្សរសិល្ប៍ និង​សាសនា​ក្រោម​ការដឹកនាំ របស់​អតីត​ចៅអធិការ​វត្ត​ខ្សាច់កណ្ដាល “​បាសាក់​ព្រះ​ត្រពាំង​” កម្ពុជា​ក្រោម ឈ្មោះ​លោកគ្រូ​សួរ ។ ប្រវត្តិ​ជា​ហូរហែ​នោះ មាន​ដូចតទៅ​នេះ​៖
​ក្រោយពេល​សឹក​មក គោលបំណង​ថែរក្សា​ជំរុញ​លើក​តម្លៃ​វប្បធម៌​ជាតិ​របស់ខ្លួន​លោកគ្រូ “​សួរ​” ក៏បាន​ប្រមែប្រមូល​អ្នក​សឹក​ពី​បួស “​បណ្ឌិត​” ដូចគ្នា​ព្រម​ដោយ កូនសិស្ស កូន​គណ ពុទ្ធបរិស័ទ​ផ្សេងៗ​ទៀត បង្កើតជា​ល្ខោន​មួយ​វង់ ។ ប៉ុន្តែ​ដោយ​កាលណោះ​នៅមាន​កង្វះខាត​ខាង​ផ្នែក​សម្ភារៈ និង​ឆាកល្ខោន​នេះ​ត្រូវគេ​នាំគ្នា​សម្ដែង​ដោយផ្ទាល់​ដី​ក្នុង​រោង​ដែល សង់​ឡើង​ដោយ​ប្រក់ ឫ​កាប់​មែកឈើ​យកមក​គ្រប​ប្រហាក់ប្រហែលគ្នា នឹង​ទ្រើង​ដែល​គេ​ដាំ​ឃ្លោក ទើប​អ្នកស្រុក​គេ​និយម​នាំគ្នា​ហៅ​ល្ខោន​នេះ​ថា ល្ខោន​ទ្រើងឃ្លោក ។ ល្ខោន​ទ្រើងឃ្លោក​នេះ មាន​វត្តមាន​រហូតដល់​អំឡុង​ឆ្នាំ ១៩៥៣ ឫ ក៏​ក្រោយ​នោះ​បន្តិច​ផង នៅ​ជាយក្រុង​ភ្នំពេញ និង​ជនបទ​នានា​។​

 

​អ្នកខ្លះ​និយម​ហៅ ល្ខោន​ទ្រើងឃ្លោក​នេះ​ថា​ជា “​យូ​កេរ្តិ៍​” វិញ​។ ពាក្យ​យូរ​កេរ្តិ៍​នេះ​ជា​ពាក្យ​ដ៏​មានតម្លៃ​សម្រាប់​បញ្ជាក់ថា ទម្រង់​សិល្បៈ​នេះ​គឺជា​មរតក​តាំងពី​យូរលង់​មកហើយ​របស់​ជនជាតិ​ខ្មែរ​។ ឈ្មោះ​នេះ ត្រូវ​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ប្រើប្រាស់​រហូតមកដល់​ស​ព្វ​ថ្ងៃ សម្រាប់​សំគាល់​ទម្រង់​ល្ខោន​មួយ​ដែល​ខ្មែរ​នៅ​កម្ពុជា​យើង​សព្វថ្ងៃ​និយម ហៅថា ល្ខោនបាសាក់​នេះឯង ។​

 

​ល្ខោន​ទ្រើងឃ្លោក​បាន​ពង្រឹង​ប្រជាប្រិយភាព​របស់ខ្លួន​យ៉ាង​ឆាប់រហ័ស ព្រោះ​អ្នក​សម្ដែង​សុទ្ធតែជា​អ្នក​ពូកែ​ខាង​អក្សរសិល្ប៍ ពូកែ​ប្រើ​ពាក្យសម្ដី​ជា​កំណាព្យកាព្យឃ្លោង ពូកែ​ការសម្ដែង​ដោយ​ឥត​ព្រាងទុក​ជាហេតុ​នាំ​ឲ្យ​ទស្សនិកជន មានការ​កោតសរសើរ និង​ចូលចិត្ត​ក្រៃលែង ។ មិនតែប៉ុណ្ណោះ​ល្ខោន​នេះ​បាន​ទៅជា​កម្មវត្ថុ​នៃ​ការប្រឡងប្រជែង​ជា មួយ​នឹង​ល្ខោន “​កៃ​លឿង​វៀតណាម​” ហើយ​ក៏បាន​ជះឥទ្ធិពល​លើ​គ្នា​ទៅវិញទៅមក ។ ក្រោយមក​ក្នុង​ការដែល​ជន​ជាតិចិន​មួយចំនួនធំ​ជា​អ្នក​ភៀសខ្លួន​អំពី សង្គ្រាម​នៅ​ស្រុក​ចិន ពិសេស​ក្នុង​រយៈពេល​នៃ​ការបះបោរ​របស់​ពួក​ម៉ាន់​ជូ (Manchu) បាន​ហូរ​ច្រាល​មក​តាម​សមុទ្រ ហើយ​បាន​ចូលមក​បោះ​ទីតាំងនៅ​តំបន់​កូសាំងស៊ីន​នេះ រស់នៅ​លាយឡំ​ជាមួយ​ប្រជាជន​ខ្មែរ និង​ប្រជាជន វៀតណាម ។​

 

​ក្នុងពេលដែល​ហូរ​ចុះមក​ជនជាតិ​ចិន​ទាំងនោះ បាន​នាំយក​នូវ​ទំនៀមទម្លាប់​ប្រពៃណី និង​សិល្បៈ​ផ្សេងៗ​ដូចជា “​ល្ខោន​ហ៊ី​” ជាដើម​មកជា​មួយ​ផង ។ ទាំង​ល្ខោន​ទ្រើងឃ្លោក​ខ្មែរ ទាំង​ល្ខោន​កៃ​លឿង​វៀតណាម​ទាំង​ល្ខោន​ហ៊ី​ចិន បាន​ប្រលងប្រជែង​ខំប្រឹង​បញ្ចេញ​ឥទ្ធិពល​រៀងៗ​ខ្លួន ដណ្ដើមយក​ប្រជាប្រិយភាព​ស្រូបយក​ចំណង់ និង​ចំណូលចិត្ត​ទស្សនិកជន​ក្នុង​តំបន់​នោះ ។ ទីបំផុត​ល្ខោន​ហ៊ី​ចិន​បានទទួល​ជោគជ័យ​ដ៏​ធំធេង ។ ឃើញ​ហេតុផល​យ៉ាងនេះ ដើម្បី​ទាមទារ​ប្រជាប្រិយភាព​ក្នុងចំណោម​ទស្សនិកជន​ចម្រុះ​ជាតិ​សាសន៍​នោះ អ្នកដឹកនាំ​ល្ខោន​ទ្រើងឃ្លោក បាន​ចម្លង​យក​ចំណុច​សំខាន់ៗ ខ្លះ​ពី​ល្ខោន​ហ៊ី​ចិន​ដែល​ខ្លួន​យល់ថា​មាន​សារសំខាន់​សម្រាប់​ល្ខោន​ខ្លួន ។ ចាប់ពីពេលនោះ​មក​ល្ខោន​ទ្រើងឃ្លោក បានទទួល​ប្រជាប្រិយ​ដ៏​ធំធេង​ក្នុង​តំបន់​កូសាំងស៊ីន​នេះ​ព្រោះ​ពេលនោះ ទាំង​អ្នកដឹកនាំ​វង់​ល្ខោន ទាំង​សិល្បករ អ្នក​សម្ដែង​មានការ​ឆ្លាត​វាងវៃ​ណាស់ នៅទីណា​កន្លែង​ណា​ដែលមាន​ប្រជាជន​ខ្មែរ​ជា​អ្នកមើល​ភាគច្រើន​គេ​តែង នាំគ្នា សម្ដែង​ជា​ភាសា​ខ្មែរ​សុទ្ធ​កន្លែង​ណា​ដែលមាន​ប្រជាជន​វៀតណាម​មើល​ច្រើន ការសម្ដែង​តែង​ឆ្លូក​គ្នា​ជា​ពីរ​ភាសា គឺ​ខ្មែរ​ផង វៀតណាម​ផង​ផ្ទុយទៅវិញ កន្លែង​ណា​ដែលមាន​ប្រជាជន​ចិន​មើល​ច្រើន គេ​តែង​និយាយ និង​ច្រៀង​ភាសា​ខ្មែរ​ផង និង​ភាសា​ចិន​ផង សម្របសម្រួល​ខ្លួន​ទៅតាម​លក្ខណៈ​ភូមិសាស្ត្រ​ទឹកដី និង​ប្រជាជន​នៅតាម​តំបន់​។​

 

​ចំពោះ​ប្រវត្តិ​ដែល​ល្ខោន​ទ្រើងឃ្លោក ឫ​យូរ​កេរ្តិ៍ ជា​មរតក​ដែល​បានចាប់កំណើត​នៅ​កម្ពុជា​ក្រោម​ហើយ​បាន​ត្រូវគេ​ប្ដូរ​ឈ្មោះ មកជា​ល្ខោនបាសាក់​នៅ​កម្ពុជា​យើង​សព្វថ្ងៃនេះ នោះ​គឺមាន​ដំណើររឿង​ដូចតទៅ​នេះ​៖

 

​នៅក្នុង​អំឡុង​ឆ្នាំ ១៩២០ មាន​បងប្អូន​ពីរ​នាក់ បង​ឈ្មោះ លី កាញ់ និង ប្អូន​ឈ្មោះ លី សួន និង​មាន​ដើមកំណើត​កើតជា​នៅ​ស្រុក​បាសាក់ ដែនដី​កម្ពុជា ក្រោម ។ លី កាញ់ ជា​បង​បាន​ចាក​ចេញពី​ស្រុកកំណើត​របស់ខ្លួន ដើម្បី​ទៅ​រស់នៅ​ប្រទេស​បារាំង ។ ក្រោយមក​ដោយ​ការ​ខំប្រឹងប្រែង​រក​ទទួលទាន​មានបាន លី កាញ់ ក៏​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ធនធាន​បង្គួរ​នៅ​ប្រទេស​បារាំង ។​

 

​ថ្ងៃមួយ លី សួន ជា​ប្អូន​ផ្ញើ​សំបុត្រ​ទៅសួរសុខទុក្ខ លី កាញ់ ជា​បង ហើយក៏​បាន​សុំ​ប្រាក់​មួយចំនួន​ពី​បង ដើម្បី​ប្រកប​របរជំនួញ​ជួញដូរ​នៅឯ​ស្រុកកំណើត របស់ខ្លួន ។​លី កាញ់ ក្នុង​ទឹកចិត្ត​អាណិត​ប្អូន​ក្នុង​ទឹកចិត្ត​ស្រណោះស្រណោក ស្រុកកំណើត​ជាទី​រលឹក​របស់ខ្លួន និង​ក្នុង​ស្មារតី​ចង់​ថែរក្សា​វប្បធម៌​ពណ៌​សម្បុរ​ជាតិ​របស់ខ្លួន ដែល​ស្ថិតក្នុង​មជ្ឈដ្ឋាន​ចម្រុះ​ជាតិ​សាសន៍​ឲ្យ​គង់វង្ស ក៏បាន​ផ្ញើ​ប្រាក់​មក​ឲ្យ លី សួន ជា​ប្អូន ហើយ​បាន​សរសេរ​សំបុត្រ​ប្រាប់ថា​សូម​ប្អូន​កុំ​ធ្វើ​ជំនួញ​ដូរ​អ្វី​ក្រៅ ឲ្យ​សោះ លុយ​ដែល​បង ផ្ញើ​ឲ្យ​នេះ​សូម​ប្អូន​គិត​យ៉ាងណា​ជួយ​ពង្រីក និង​ថែរក្សា​សិល្បៈ យូរ​កេរ្តិ៍ ដែលមាន​កំណើត​នៅ​ឃ្លាំង នៅ​ព្រះ​ត្រពាំង​ហើយ​ដែល​យើង​បាន​មើល​ទាំងអស់គ្នា​ជា​ញឹកញាប់​កាល​នៅ​ពី តូចៗ នោះ​ឲ្យ​គង់វង្ស​ផង ។​

 

​ដោយសារ​បណ្ដាំ និង​ជំនួយ​ពី លី កាញ់ ជា​បង លី សួន ក៏​ក្លាយ​ទៅ ជា​ថៅកែ​ល្ខោនបាសាក់​ដ៏​ល្បីល្បាញ​ដំបូង​គេ​បង្អស់​ដែល​ទស្សនិកជន​និយម​ហៅ ឈ្មោះ គាត់​ថា ថៅកែ “​ឆា​គ្រួ​ន​” ។​ ​ក្នុង​ឆ្នាំ ១៩៣០ ក្នុងពេលដែល​ទម្រង់​នេះ​រីកចម្រើន​នៅ​កម្ពុជា​ក្រោម “​វៀតណាម ខាងត្បូង​”​ថៅកែ​ក្រុម​ល្ខោន​ឈ្មោះ​លោក ឆា​គ្រួ​ន នេះ​បាន​នាំ​ក្រុម​សិល្បៈ​ល្ខោន របស់ខ្លួន​មក​សម្ដែង​ធ្វើ​អាជីវកម្ម​នៅ​ភ្នំពេញ និង​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា ។ ដំណើរ​បេសកកម្ម​ទី​១ របស់​ក្រុម​ល្ខោន​លោក ឆា​គ្រួ​ន​ដែល​បានមក​សម្ដែង​នៅ ប្រទេស​កម្ពុជា មិនសូវ​ទទួលបាន​ជោគជ័យ​ទេ មូលហេតុ​មកពី​ទម្រង់​ល្ខោន​នេះ​ត្រូវ​ប្រឡងប្រជែង​ជាមួយ​ទម្រង់​ដទៃទៀត ដែលមាន​យ៉ាង​សំបូរបែប​នៅ​កម្ពុជា​ភាគ​កណ្ដាល ដូចជា​ល្ខោន​ប្រា​មោ​ជ​ទ័យ “១៩២០-១៩៤០” និង​ល្ខោន​មហោរី​ដែល​កើតមាន​ជា​យូរលង់​មកហើយ ។ ពិតមែនតែ​លើក​ទី​១​នេះ ល្ខោនបាសាក់​បានទទួល​បរាជ័យ ប៉ុន្តែ​ពេលនោះ​សិល្បករ​ល្ខោនបាសាក់​បាន​ហាត់រៀន និង​ស្រូបយក​នូវ​ចំណេះ​ថ្មីៗ មួយចំនួន​ពី​ទម្រង់​ល្ខោន​នៅ​ភ្នំពេញ ដូចជា​ភ្លេង​មហោរី ឫ​ចម្រៀង​មហោរី​ជាដើម មុនពេល​ត្រឡប់​ទៅ​ស្រុក​វិញ ។​

 

​ក្រោយពី​ពេល​ហាត់​វៀន និង​បាន​សម្ដែង​ច្រើនលើកច្រើនសារ​ដោយ​បញ្ចូល​បច្ចេកទេស​ថ្មីៗ​មួយចំនួន ផង ល្ខោន​នេះ បានទទួល​ជោគជ័យ​កាន់តែ​ធំធេង នៅ​តំបន់​កូសាំងស៊ីន ។ បន្ទាប់ពី​នោះមក​លោក ឆា​គ្រួ​ន ក៏​នាំ​ក្រុម​របស់គាត់​តាម​ទូក ប៉ុកចាយ ដែលមាន​គ្រឿង​ប្រដាប់​ដំឡើង​ឆាក និង​សម្ភារៈ​តុបតែង​លំអ​ផ្សេងៗ គឺ​ឆាក​ចល័ត ដែល​ដំឡើង​លើគោក​ក៏បាន ឫ​ដំ​ឡើងលើ​ទូក​ក៏បាន ហើយ​នាំ​ក្រុម​សិល្បៈ​នេះ​មក​សម្ដែង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ឯ ទៀត ជា​លើក​ទី​២ ។ លើក​នេះ​ល្ខោន លោក ឆា​គ្រួ​ន បានទទួល​ជោគជ័យ​យ៉ាង​ធំធេង ក្នុងការ​ប្រកួតប្រជែង​ជាមួយ​ល្ខោន ប្រា​មោ​ជ្ជ​ទ័យ និង​ល្ខោន​មហោរី​នៅ​ភ្នំពេញ និង​តំបន់​ដទៃទៀត​នៅ​ប្រទេស​កម្ពុជា ពិសេស​គឺ​ខេត្ត​តាម​មាត់ទន្លេ ។ ល្ខោន​លោក ឆា​គ្រួ​ន នេះ​ស្រូបយក​ទស្សនិកជន​យ៉ាងច្រើន​គគ្រឹកគគ្រេង ហើយ​បានធ្វើ​ឲ្យ​ល្ខោន​ប្រា​មោ​ជ​ទ័យ និង​ល្ខោន​មហោរី​ធ្លាក់​ក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​បាត់បង់​ប្រជាប្រិយភាព ហើយ​ចំនួន​ទស្សនិកជន​ចេះតែ​ថយចុះ​ជា​លំដាប់ ។ ដោយសារ​មធ្យោបាយ​សម្ដែង​ថ្មី​រហ័សរហួន ស្វាហាប់ ការតុបតែង​លំអ​ឆាក​សំលៀកបំពាក់​ការ​លាបមុខ ឫ​គូរ​មុខ​ដ៏​ល្អ (​កន្លែង​ខ្លះ​ទទួល​ឥទ្ធិពល​ពី​ហ៊ី​ចិន​) ទាំង​ល្បិច​ហោះហើរ​ក៏​ប៉ិនប្រសប់ ពិសេស​សំនៀង​រដឺន ទាំង​សម្ដី​និយាយ ទាំង​ចម្រៀង​របស់​ខ្មែរ បាសាក់​ស្រទន់​ពីរោះ ហើយ​ពាក្យសម្ដី ប្រកបដោយ​អត្ថន័យ ខ្លឹមសារ​ល្អ ព្រោះ​អ្នក​សម្ដែង​ភាគច្រើន​ច្រើន​ជា​អ្នក​មានចំណេះ​ជ្រៅជ្រះ​ខាង អក្សរសិល្ប៍ និង​សាសនា​ផង ធ្វើ​ឲ្យ​ទស្សនិកជន​នៅ​កម្ពុជា​កណ្ដាល​នេះ​ជក់ចិត្ត​ដិតអារម្មណ៍​យ៉ាង ខ្លាំង រហូតដល់​គេ​នាំគ្នា​ហៅ ឫ​ឲ្យ​ឈ្មោះ​ទម្រង់​ល្ខោន​នេះ​ថា ជា “​ល្ខោនបាសាក់​” ដោយ​យក​ទីកន្លែង​នៃ​ទម្រង់​សិល្បៈ​នេះ​រីកចម្រើន​? មក​ដាក់ឈ្មោះ​ឲ្យ​ទម្រង់​ល្ខោន​នេះ​តែម្ដង ។ គឺ​ចាប់ពីពេលនោះ​មកហើយ ដែល​ល្ខោន​ទ្រើងឃ្លោក ឫ យូរ​កេរ្តិ៍​ប្រែ​ឈ្មោះ​ជា ល្ខោនបាសាក់​ដែល​យើង​ស្គាល់ និង​បានឃើញ​រហូតដល់​សព្វ​ថ្ងៃនេះ ។​

 

​ដោយ​មូលហេតុ​សេដ្ឋកិច្ច ក្នុង​បំណង​យក​ទម្រង់​សិល្បៈ​ធ្វើ​ជំនួញ​ពួក​ថៅកែ​ជាច្រើន​នាក់​នៃ​វង់ ល្ខោន​នៅ​ភ្នំពេញ បា​នរក​វិធី​ធ្វើ​ឲ្យ​វង់​ល្ខោន​លោក ឆា​គ្រួ​ន ធ្លាក់​ចូលក្នុង​វិបត្តិ​រលាយ​ក្រុម ហើយ​ការសម្ដែង​ចុះខ្សោយ​ដោយ​ប្រើ​ទឹក​លុយ​ទិញ ដោយ​លួចលាក់​នូវ​សិល្បករ​ពូកែៗ គ្រូ​ល្ខោន​ពូកែៗ ដើម្បី​ឲ្យ​បែកខ្ចាយ​ចេញពី​វង់​ល្ខោន លោក​ថៅកែ ឆា​គ្រួ​ន ដើម្បី​ចូលមក​ផ្ដល់​ចំណេះ និង​បម្រើ​នៅក្នុង​ក្រុម​សិល្បៈ​របស់ខ្លួន​វិញ ។ វង់​សិល្បៈ​ល្ខោនបាសាក់​របស់លោក ឆា​គ្រួ​ន បាន​ជួបប្រទះ​នឹង​វិបត្តិ​យ៉ាង​ធំ​មែន ព្រោះ​គ្រូធំៗ ដូចជា​លោកគ្រូ​ខ្មៅ​លោកគ្រូ​ខ្លា និង​មិត្ត​ភ័ក្ដិ​ដទៃទៀត​មួយចំនួន បាន​ចាក​ចេញពី​ក្រុម​លោក ឆា​គ្រួ​ន ហើយ​ចូលទៅ​បង្ហាត់​ចំណេះ​ល្ខោនបាសាក់ ទាំង​ផ្នែក​តន្ត្រី ទាំង​ហួន ទាំង​ចម្រៀង ទាំង​ការសម្ដែង ដោយ​ឥត​ព្រាងទុក​ដល់​ក្រុម​ដទៃទៀត ។ ប្រហែលជា​ចាប់ពី​ឆ្នាំ ១៩៣៧ នៅ រាជធានី​ភ្នំពេញ គេ​ឃើញ​មាន​ក្រុម និង​រោងល្ខោន​បាសាក់​ជាច្រើន​ដូចជា រោង​មួយ​នៅ​ផ្សារ​កាប់​គោ ។ ខាងលិច​រោង​នេះ​មិន​ឆ្ងាយ​ប៉ុន្មាន មាន​រោង​មួយទៀត​សង់​អំពី​ឈើ​ដែល​គេ​និយម​ឲ្យ​ឈ្មោះថា​រោង​ឈើ ។ ខាងលិច​រោង​ទី​២ មិន​ឆ្ងាយ​ប៉ុន្មាន មាន​រោងល្ខោន​បាសាក់​មួយទៀត​សង់​អំពី​ថ្ម ដែល​គេ​និយម​ឲ្យ​ឈ្មោះថា រោង​ស្ពាន​កូនកាត់ ឫ​រោង​ថ្ម “​នៅ​កន្លែង​វិមានឯករាជ្យ​សព្វថ្ងៃ​” ដឹកនាំ​ដោយ​អ្នកស្រី​ម្លិះ​ឡា ។ រោង​មួយទៀត​នៅ ខាងលិច វាំង​ជ្រុង​ខាងត្បូង ដែល​គេ​និយម​ហៅថា​រោង​សយ​សង្វៀន ។ មួយទៀត រោង​ផ្សារ​សួន​ចាស់ ឫ រោងល្ខោន​ក្លឹ​ង្គ នៅ​ចំ​មុខ​វត្ត​បទុម​វ​តី ។ រោង​ផ្សារ​ស៊ីឡឹប​ដែល​ដឹកនាំ​ដោយ​អ្នក​ម្នាង​ម្នាក់​នៃ​ព្រះរាជា ស៊ីសុវត្ថិ​មុនី​វង្ស គឺ​អ្នក​ម្នាង ឃុន​ព្រះ​ម៉ែ​នាង​បុប្ផា​នរ​លក្ខណ៍ យិន តាត ។ រោង​មួយទៀត នៅ​តាខ្មៅ ខេត្តកណ្ដាល ។ ក្រោយពី​នោះ មក​ទើប​គេ​ឃើញ​មាន​រោង​ដទៃទៀត​ជាច្រើន​ដូចជា រោង​គីឡូ​លេខ ៦ ។ រោង​ទួល​ទំពូង នៅ​ចែង​ខាងជើង​វត្ត​ទួល​ទំពូង សព្វថ្ងៃ រោង​ទួលគោក រោង​បាក់​ស្រេង និង អ្នកស្រី អ៊ុន វ៉ាង “​នៅ​ម្ដុំ​រោងភាពយន្ត​ចេនឡា​”​សព្វថ្ងៃ ។ រោង​ផ្សារ​ដេប៉ូ និង រោង​ដទៃទៀត សម្ដែង​ល្ខោនបាសាក់​ជាប្រចាំ ។ ឯ​រោងភាពយន្ត​ល្ខោន គឹម សឹង នៅ​ខាងលិច​ផ្សារកណ្ដាល និង​រោង គឹម ភុង នៅ​ខាងត្បូង​ឈាង​ខាងលិច​ផ្សារ​ថ្មី​ក៏មាន​សម្ដែង​ល្ខោនបាសាក់​ម្ដង ម្កាល​ដែរ ។​

 

​គឺ​ចាប់ពីពេលនោះ​មកហើយ​ដែល ល្ខោនបាសាក់​ចាប់​សាយ​ភាពខ្លាំង​មែនទែន​នៅ​ប្រទេស​កម្ពុជា តាមរយៈ​ការធ្វើសកម្មភាព​ទៅមក​សម្ដែង​ចុះឡើងៗ គ្រប់​ទីកន្លែង ហើយ​មាន​ក្រុមខ្លះ​បាន​ទៅ​បោះ​ទីតាំងនៅ​ខេត្ត និង​ស្រុក​នានា បាន​ទៅ​បង្រៀន និង​កសាង​ក្រុម​ជាច្រើន​តាម​មូលដ្ឋាន​ផ្សេងៗ​គ្នា ។​  ​ខាងលើនេះ​ជា​ប្រវត្តិ​របស់​ល្ខោនបាសាក់​ដែល​យើង​ទទួល​ពី​គ្រូ​ចាស់ៗ និង​មិត្ត​ភ័ក្ដិ​ខ្មែរ​មួយចំនួន​ដែល​ស្ថិតនៅ​ភាគខាងត្បូង នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម​សព្វថ្ងៃ អមដោយ​ឯកសារ​សរសេរ​បន្តិច​បន្តួច​ដែល​សេសសល់​ពីមុនមក ។ យើង​ជឿជាក់ថា​ប្រវត្តិ​នេះ​ប្រាកដជា​មិនទាន់បាន​សុក្រឹត និង​លំអិត នៅឡើយ​ទេ​ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​វា​អាចជា​មូលដ្ឋាន​សម្រាប់​ពិចារណា ខ្លះៗ របស់​បណ្ដា​អ្នកស្រាវជ្រាវ អ្នកសិក្សា​ល្ខោន​អ្នក​ស្រឡាញ់​អក្សរសិល្ប៍ ហើយនឹង​ប្រជាជន មហាជន​ដែល​ស្រឡាញ់​សិល្បៈ​វប្បធម៌​របស់​ប្រជាជន​កម្ពុជា​យើង​ដើម្បី​ទុកជា ទុន​មូលដ្ឋាន​ក្នុងការ ស្វែងយល់​តម្លៃពិត រូប​ពិត ខ្លឹមសារ​ពិត ទម្រង់​ពិត និង​លក្ខណៈ​បែប​ពិត​ទាំងឡាយ​នៃ​ទម្រង់​ល្ខោន​ខ្មែរ​។​

 

​ម្យ៉ាងទៀត​ខ្ញុំបាទ​ក៏​សុំ​ជម្រាប​ផងដែរ​ថា ក្រោយពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ត្រូវបាន​បង្កើតឡើង​ឆ្នាំ ១៩៦៥ ទម្រង់​ល្ខោនបាសាក់​ក៏ដូចជា ទម្រង់​សិល្បៈ​ឯទៀត​ជាច្រើន​ដែរ​ត្រូវបាន​សាកលវិទ្យាល័យ ចាត់​ឲ្យ​មាន​ក្រុម​ចុះ ធ្វើការ សិក្សា​ស្រាវជ្រាវ​រៀនសូត្រ​ពី​លោកគ្រូ អ្នកគ្រូ សិល្បករ​អ្នកជំនាញ​ធំៗ​ដូចជា លោកតា សាំង សារុន អ្នកស្រី ចេ​ច ម៉ាច លោកគ្រូ ពៅ លោកគ្រូ ណន លោកគ្រូ សា​មិ​ត ជាដើម ។​ល​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ សាកលវិទ្យាល័យ​បាន​អញ្ជើញ លោកគ្រូ ទក​ខ្មៅ ដែលមាន​ទេពកោសល្យ​អាច​សម្ដែង​ជា​តួឯក ជា​តួយក្ស ឫ ជា​ត្លុក​ក៏​បានមក​បង្រៀន ជា​គ្រូ​ប្រចាំ​នៅ​មហាវិទ្យាល័យ​សិល្បៈ​នា​ដ្យ​សាស្ត្រ​ថែមទៀត​ផង ។​

 

​ក្រោយពី​បាន​សិក្សា​រៀនសូត្រ ភ្លេង​… ចម្រៀង​ក្បាច់​ហួន​បាសាក់ និង​របៀប​សម្ដែង​បាន​ត្រឹមត្រូវ​ហើយ​ក្រុមនិស្សិត​ផ្នែក​ល្ខោន​បាន​សាក់​… ក្នុង​ស្មារតី​រក្សា​ទម្រង់ មិន​ឲ្យ​ព្នាយ​ប្រាសចាក​ភាព​ដើម និង​ដោយមាន​ជំនួយ​ពី​គ្រូ​ចាស់ៗ ក៏​សាកល្បង​ដំឡើង​រឿង​មួយចំនួន ដោយ​រឿង​ដែល​ត្រូវ​សម្ដែង​ត្រូវ​សរសេរ​ជា​រឿងល្ខោន​ដែលមាន​ពាក្យសម្ដី ត្រឹមត្រូវ ហើយ​ដែល​ត្រូវ​ឲ្យ​សិល្បករ​អ្នក​សម្ដែង ទន្ទេញ​ចាំ​យ៉ាង​ស្ទាត់​ជាមុន ព្រម​ដោយមាន​ការដឹកនាំ​រឿង ត្រឹមត្រូវ​ផង ពោលគឺ​ធ្វើ​ឲ្យ​មាន​លក្ខណៈ “​រៀបរយ​” នៅក្នុង​ការសម្ដែង ដោយ​រក្សា អន្លើ​បរិយាកាស​សប្បាយរីករាយ ឫ​កម្សត់​ព្រាត់ប្រាស ឫ​ក៏​អន្លើ​កំប្លុកកំប្លែង​ទៅតាម​ដំណើរ​នៃ​សាច់រឿង មិន​ឲ្យ​រំខាន​គ្នា​ឡើយ ។​

 

​ក្នុងការ​សាកល្បង​ធ្វើ​ឲ្យ​មាន​លក្ខណៈ “​រៀបរយ​” សម្រាប់​ទម្រង់​ល្ខោន បាសាក់​នេះ​ក្រោយពី​បាន​សម្ដែង​នៅ​ទូទាំងប្រទេស​ជា​ញឹកញាប់ ឃើញថា​បាន​លទ្ធផល គួរ​ជាទី​ពេញចិត្ត ដ្បិត​យើង​អាច​ទាក់ទាញ​បាន ឫ​តម្រូវ​បាន​នូវ​ទឹកចិត្ត​របស់​ទស្សនិកជន គ្រប់​មជ្ឈដ្ឋាន គឺ​អ្នកស្រែ​ចម្ការ អ្នកផ្សារ សិស្ស និស្សិត បញ្ញវន្ត ជាច្រើន​ផង ។​ ​ចំណែកឯ​ក្រុម​សិល្បៈ​ល្ខោនបាសាក់ នៅតាម​រោង​នានា ក្នុង​ទូទាំងប្រទេស គឺ​នៅ​រក្សា​របៀប​សម្ដែង​បែប​បុរាណ​ដូច​មុន ពោលគឺ​របៀប​សម្ដែង​ដោយ​ឥត​ព្រាងទុក​ដដែល ៕

17-12-2013 (1) 

 

Leave a Reply

(*) Required, Your email will not be published