ខេត្ដតាកែវ ៖ ភាពមិនទទួលខុសត្រូវរបស់បុរសម្នាក់ បានបន្សល់ក្តីអាម៉ាសសម្រាប់នារីរងគ្រោះទាំងមានផ្ទៃពោះ ៥ ខែ ធ្វើឲ្យស្ត្រីម្នាក់នេះសម្រេចដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ការដាក់ពាក្យប្ដឹងនេះធ្វើកើតឡើងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ នៅប៉ុស្ដិ៍រដ្ឋបាលស្នោ ស្រុក ព្រៃកប្បាស ខេត្ដតាកែវ ។
ជនសង្ស័យដែលត្រូវក្រុមគ្រួសារនារីរងគ្រោះដាក់ពាក្យបណ្តឹងនោះមាន ចក់ វណ្ណា អាយុ២៥ឆ្នាំ ដោយចោទពីបទរំលោភសេពសន្ថវៈ ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ធ.រ អាយុ១៥ឆ្នាំ ។ ទាំងចុងចោទ និងដើមបណ្តឹងរស់នៅក្នុងភូមិ-ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្ដតាកែវ (នៅក្បែរគ្នា)។
តាមការរៀបរាប់ពីក្មេងស្រីរងគ្រោះនៅចំពោះមុខសមត្ថកិច្ចបានឱ្យដឹងថា ក្នុងអំឡុងខែសីហាឆ្នាំ២០១៣ ពេលដែលមើលទូរទស្សន៍ចប់ប្រហែល ម៉ោង៨យប់ នាងក៏ចុះពីផ្ទះសំដៅទៅបន្ទប់ទឹកខាងក្រោយផ្ទះប្រហែល១០ម៉ែត្រ ហើយពេលចេញពីបន្ទប់ទឹកវិញ ក៏មានបុរសម្នាក់ចាប់កដៃជាប់រួចទាញទៅក្រោយបន្ទប់ទឹក ខ្សឹបថា “បងស្រឡាញ់អូនយូរហើយ” ពេលនោះនាងក៏ស្គាល់បុរសនោះច្បាស់ គឺឈ្មោះ វណ្ណា ដែលជាអ្នកភូមិផងរបងជាមួយគ្នា ។ ពេលនោះឈ្មោះវណ្ណា ក៏សុំនាងរួមភេទដោយធ្វើសកម្មភាពបបោសអង្អែល ប៉ុន្ដែនាងប្រាប់ថាប្រយ័ត្នមានកូន ។ ពេលនោះឈ្មោះវណ្ណា ប្រាប់ថា បើមានកូន “បងទទួលខុសត្រូវ” ។ បន្ទាប់មកពួកគេបានប្រព្រឹត្ដអំពើខុសឆ្គងរំលងប្រពៃណី ហើយឈ្មោះ ចក់ វណ្ណា បានបន្ដខ្សឹបដាក់ត្រចៀកនាងថា “កុំប្រាប់នរណាឱ្យសោះ បើមានកូនបងជាអ្នកទទួលខុសត្រូវ” ។
ដោយពាក្យលួងលោមរបស់ជនសង្ស័យ ធ្វើឲ្យនារីរងគ្រោះរង់ចាំរហូតដល់ពោះកាន់តែធំ ទើបបែកការណ៍តែម្តង ។ ក្រោយពេលម្តាយសួរនាំ នារីរងគ្រោះបានប្រាប់តាមដំណើររឿង ទើបម្ដាយនាងទៅសួរនាំឪពុកម្ដាយខាងប្រុស ប៉ុន្ដែឪពុកម្ដាយខាងប្រុសមិនទទួលស្គាល់ទើបទាំង ២នាក់ម្ដាយកូនមកដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្ដិ៍តែម្ដង ។ ក្នុងពាក្យបណ្ដឹងក្មេងស្រីអនីតិជនប្ដឹងទារសំណងជំងឺចិត្ដ១៣លានរៀល និងសុំឱ្យតុលាការផ្ដន្ទាទោសជនល្មើសតាមច្បាប់ ៕