ប្រទេសឥណ្ឌូណេស៊ី ៖ កុមារីតូចម្នាក់ជនជាតិឥណ្ឌូណេស៊ីកើតជំងឺកម្រមួយបណ្តាលឲ្យក្បាលរបស់នាងប៉ោងធំ និងមានទំហំធំជាងក្បាលមនុស្សចាស់ដល់ទៅ ៣ ដង។ ចំណែកគ្រួសារក៏ក្រីក្រគ្មានលទ្ធភាពនាំទៅព្យាបាល ធ្វើឲ្យអាការកាន់តែរាលដាល ហេតុនេះម្តាយនាងបានត្រឹមបួងសួងដល់វត្ថុស័ក្តិសិទ្ធិសូមឲ្យជួយថែរក្សាជីវិតកូនឲ្យផុតពីគ្រោះថ្នាក់ប៉ុណ្ណោះ។ នេះបើយោងតាមគេហទំព័រសង្គមសិល្បៈរបស់ប្រទេសអង់គ្លេសមួយឈ្មោះ ដាយលីម៉ែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ ។
ក្មេងស្រី អាឌិលឡា អាណាគា អាយុ ៣ ខួប បានចាប់កំណើតមកជាមួយនឹងអាការទឹកដក់ក្នុងប្រហោងខួរក្បាលអាការដែលប្រទះឃើញបែបកម្រ ដែលវាបានបិទទប់ផ្លូវទឹកចិញ្ចឹមខួរក្បាលទៅកាន់ខួរឆ្អឹងខ្នង ហើយដោយវត្ថុរាវដែលកកផ្តុំច្រើនឡើងៗក្នុងប្រហោងខួរក្បាលទើបបណ្តាលឲ្យក្បាលរបស់នាងប៉ោងស្ទើរផ្ទុះ។
សេចក្តីរាយការណ៍ពីដេលីម៉េលបានឲ្យដឹងថា ពេលដែលសម្រាលមកថ្មីៗក្មេងស្រី អាឌិលឡា គឺមានក្បាលធំជាងទំហំក្បាលនៃទារកទូទៅតិចតួចប៉ុណ្ណោះ ប៉ុន្តែលុះកន្លងទៅយូរខែថ្ងៃមកក្បាលនាងក៏ធំបន្តិចម្តងៗ ហើយមកទល់ពេលនេះគេវាស់ពីត្រចៀកម្ខាងទៅត្រចៀកម្ខាងទៀត មានទំហំ១០០ សង់ទីម៉ែត្រឯណោះ។
កុមារីអភ័ព្វមានអាការល្ហិតល្ហៃ គេងរងៀមៗនាងធ្ងន់ក្បាលងើបលែងរួច នាងមិនអាចនិយាយបានទេ ភ្នែកក៏ស្រវាំងមើលមិនឃើញ ហើយស្វិតជើងទៀតផង ។ ថ្វីបើជីវិតនាងកំពុងស្ថិតក្នុងភាពអស់សង្ឃឹម ប៉ុន្តែដោយក្តីសណ្តោសប្រោសប្រណីពីឪពុកម្តាយនាងត្រូវបានមើលថែទាំងយ៉ាងដិតដល់ពីឪពុក អាន់វ៉ារ អាណាស អាយុ ៣១ ឆ្នាំ និងម្តាយ ប៉ាសប៊ីតា អាយុ ២៨ ឆ្នាំ និង បាស៊ីរ៉ា បងស្រីវ័យ ៧ ឆ្នាំ នៅក្នុងផ្ទះកម្សត់មួយស្ថិតនៅស្រុកបូកូ។
ជំងឺចម្លែកនេះមានឱកាសកើតឡើងត្រឹម ១ ក្នុងចំណោម ៥០០ នាក់ប៉ុណ្ណោះប៉ុន្តែកន្លងមកធ្លាប់មានគ្រូពេទ្យព្យាបាលបានជាសះស្បើយនៅអង់គ្លេស តាមវិធីវះកាត់ប្រហែល ២ ម៉ោងដែរ ។ ជាមួយនឹងប្រាក់ចំណូលត្រឹម១,៣៦ ផោនស៍ ក្នុង១ថ្ងៃ ពីការប្រកបរបរបើកបររថយន្តលោក អាណាស មិនមានសមត្ថភាពសន្សំប្រាក់បានគ្រប់គ្រាន់ សម្រាប់បង់ថ្លៃព្យាបាលកូនស្រីតូចរបស់គាត់បានឡើយ ប៉ុន្តែទីបំផុតគ្រួសារគាត់ត្រូវរដ្ឋាភិបាលជួយសង្គ្រោះ ។ រហូតមកដល់ពេលនេះគ្រូពេទ្យនៅឥណ្ឌូណេស៊ីនៅតែអល់អែកក្នុងការវះកាត់ដោយសារកុមារី អាឌិលឡា រងការខូចខាតខាងខួរក្បាលធ្ងន់ធ្ងរ ព្រោះតែយឺតយ៉ាវក្នុងការព្យាបាល ៕