ថៅកែ​បន​ល្បែង​មួយ​យីហោ ផា​រ៉ា​ម​សាម នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ចាប់​ស្ត្រី​ខ្មែរ ២ នាក់ ធើ្វ​ទារុណកម្ម​ដោះ​សម្លៀកបំពាក់​បង្ខាំង​សម្រាត វាយ​ធ្វើបាប​យ៉ាង​ព្រៃផ្សៃ​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ខ្មែរ ២ នាក់​ជា​អ្នកបម្រើ​ក្នុង​បន​ល្បែង​មួយ​យីហោ ផា​រ៉ា​ម​សាម នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ត្រូវបាន​ថៅកែ​ចាប់​បង្ខាំង​សម្រាត​វាយ​ធ្វើបាប​យ៉ាង​ព្រៃផ្សៃ​ជិត​២​សប្តាហ៍​ហើយ ព្រោះតែ​ត្រូវ​ចោទថា​លួច​លុយ​នៅក្នុង​ក្លិប ៧​លាន​បាត​នោះ ហើយ​ត្រូវ​ក្រុមគ្រួសារ​ប្តឹង​មក​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្តបន្ទាយមានជ័យ​ឲ្យ​ជួយ​អន្តរាគមន៍​នាំ​នាង​មក​ស្រុក​វិញ​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៣ ។​

 

​តាម​ការរៀបរាប់​ឲ្យ​ដឹង​ពី​លោក ឈុំ សុភាព អាយុ​៤៦​ឆ្នាំ ជា​បងថ្លៃ​ស្ត្រី​រងគ្រោះ​មាន​លំនៅ​ភូមិ​ប្រាសាទ ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា ប្អូនថ្លៃ​ស្រី​គាត់​ឈ្មោះ ផាត់ សុ​មេសា ហៅ ស្រី​ដែន អាយុ​៣២​ឆ្នាំ នៅ​ស្រុកថៃ ហៅ នី​តា ជា​ស្ត្រី​មេម៉ាយ​មាន​លំនៅ​ភូមិ​ផាស៊ី​ស្រា ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​ត្រូវ​ម្ចាស់​បន​ល្បែង​នៅ​ទីក្រុង​បាងកក​ចាប់​សម្រាត​ឃុំខ្លួន ក្នុង​បន្ទប់​វាយ​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​។​

 

​លោក​បាន​បន្ថែមទៀតថា ប្អូនថ្លៃ​គាត់​បាត់​ដំណឹង​ជាង​មួយ​សប្តាហ៍​ហើយ ហើយ​កាលពី​ថ្ងៃ​ចន្ទ គាត់​ក៏បាន​មកប្តឹង​នៅ​ស្នាក់ការ​សមាគម​អាដហុក​នៅ​ខេត្តបន្ទាយមានជ័យ ឲ្យ​ជួយ​អន្តរាគមន៍​ធ្វើយ៉ាងណា​រំដោះ​ពួកគេ​ឲ្យ​រួច​ផុតពី​អំពើ​ទារុណកម្ម​នោះ ព្រោះ​ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវ​ម្ចាស់​
​បន​ល្បែង​ថៃ ចាប់​បង្ខាំង​សម្រាត​និង​វាយ​ធ្វើបាប​សាហាវព្រៃផ្សៃ​ខ្លាំងណាស់ ។ គេ​សម្រាត​ប្អូនស្រី​ខ្ញុំ​ខ្លួន​ទទេ នៅសល់តែ​ខោ​លី​អូ​មួយ​ទេ ព្រមទាំង​វាយដំ​លើ​រាងកាយ​ផង​។ ខ្ញុំ​គ្រាន់តែ​ដឹងថា គេ​ឃុំ​នាង​ដោយសារ​គេ​ចោទថា ពួកនាង​លួច​លុយ​គេ ៧​លាន​បាត​ហើយ​រឿងរ៉ាវ​យ៉ាងណាៗ​នោះ ខ្ញុំ​មិនបាន​ដឹង​ច្បាស់​ដែរ​ទេ​។​ ​ខ្ញុំ​សូម​ឲ្យ​អាដហុក និង​រដ្ឋាភិបាល​ជួយ​រំដោះ​ប្អូនស្រី​ខ្ញុំ​មកវិញ​ផង​។​

 

​លោក​ស៊ុម ចន្ទ​គា មន្ត្រី​សម្របសម្រួល​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុក​បន្ទា​យ​មានជ័យ​ប្រាប់ថា ស្ត្រី​រងគ្រោះ​ទាំង​២​នាក់  នៅ​ចំណុច​ផា​រ៉ា​ម​សាម ភូមិ​មូ​រុង​រួយ ផ្លូវ​៦៦ ទីក្រុង​បាងកក ត្រូវគេ​ឃុំខ្លួន​ធ្វើ​ទារុណកម្ម​ហើយ ខាង​សមាគម​កំពុងតែ​ខ្នះខ្នែង ស្នើ​ទៅ​អាដហុក​នៅ​ភ្នំពេញ ឲ្យ​ទាក់ទង​ទៅ​ស្ថាន​កុងស៊ុល​ខ្មែរ នៅ​ប្រទេស​ថៃ​ដែល​ធ្វើការ​នៅ​ខេត្ត​ជិតៗ​កន្លែងកើតហេតុ និង​ទាក់ទង​ទៅ​ស្ថានទូត​ខ្មែរ​នៅ​ទីក្រុង​បាងកក ឲ្យ​ជួយ​អន្តរាគមន៍​រំដោះ​ស្ត្រី​រងគ្រោះ​ឲ្យ​បាន​ឆាប់​។​

18-12-2013

​លោក​ប្រាប់ថា ខ្ញុំ​ឃើញ​រូបភាព​ស្ត្រី​រងគ្រោះ​ទាំង​២​នាក់ ត្រូវគេ​វាយ​ហើម​មុខ​ហើម​មាត់ ត្រូវគេ​សម្រាត​ខ្លួន​ទទេ​នៅសល់តែ​លី​អូ ខ្ញុំ​អាណិត​ខ្លោចចិត្ត​។ ពួកគាត់​ក៏​ជា​មនុស្ស​ដែរ ពួកគាត់​មិនត្រូវ​គេ​ធ្វើបាប​បែបនេះ​ទេ ទោះ​ជាមាន​កំហុស​ប៉ុនណា ក៏ត្រូវ​ធ្វើទៅ​តាមច្បាប់​ដែរ​។ ខ្ញុំ​គិតថា ប្រទេស​ថៃ​ជា​ប្រទេស​គោរព​ច្បាប់ មិនគួរ​ប្រព្រឹត្ត​នូវ​អំពើ​ព្រៃផ្សៃ​បែបនេះ​ទេ ព្រោះ​ស្ត្រី ត្រូវ​ចាត់ទុកថា​ជា​មាតា​នៃ​ពិភពលោក ៕

 

Leave a Reply

(*) Required, Your email will not be published