រយៈពេល​បី​អាណត្តិ​ក្រោម​ការគ្រប់គ្រង​របស់លោក សូ សុខ មន្ទីរ​សុរិយាដី​ខេត្ត​ព្រះសីហនុ មានរឿង​ពុករលួយ​រាប់មិនអស់​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ ទាំង​អ្នកមាន​និង​អ្នកក្រ បាន​សម្តែង​ភាព​ក្តៅក្រហាយ​យ៉ាងខ្លាំង ទៅលើ​ចំណាត់ការ​របស់លោក សូ សុខ ឬ លូ សុខ ជា​ប្រធាន​សុរិយោដី និង​សំណង់​ខេត្ត​ព្រះសីហនុ ដែល​បាន​ឆ្លៀតឱកាស យក​គោលនយោបាយ​ចាស់ សកម្មភាព​ថ្មី​របស់​ប្រមុខ​រាជរដ្ឋាភិបាល ទៅធ្វើ​អាជីវកម្ម​កេងប្រវ័ញ្ច​ញើស​ឈាម ប្រជាពលរដ្ឋ​ក្រីក្រ​យ៉ាង​អយុត្តិធម៌​បំផុត ហើយ​គេ​សង្ឃឹមថា ក្នុង​អាណត្តិ​ថ្មី​នេះ​ទំនងជា​លោក សូ សុខ គ្មាន​វាសនា​បន្ត​តំណែង ពុករលួយ​ដុះ​ស្លែ​ទៀត​ទេ​។​

 

​អតីត​គ្រួសារ​ខ្មែរក្រហម រស់នៅ​ភូមិ​អន្លង់​ក្រពើ បាន​បង្ហើប​ឲ្យ​ដឹងថា កន្លងមក​ក្រុមនិស្សិត បាន​ចុះទៅ​វាស់វែង​ដីធ្លី​ដើម្បី​ធ្វើ ប័ណ្ណកម្មសិទ្ធិ​ជូន​ពួកគាត់ ប្រមាណ​១០៥​គ្រួសារ រួចរាល់​អស់ហើយ ប៉ុន្តែ​មកដល់ពេលនេះ ពួកគាត់​នៅ​មិនទាន់​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ ស្របច្បាប់​នៅឡើយ​ទេ​។ ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា ក្រោយ​ការចុះវាស់វែង​ដីធ្លី រួចរាល់​ហើយ​នោះ គេ​សង្កេតឃើញ​មន្ត្រី​សុរិយោដី​របស់លោក សូ សុខ បាន​ចុះទៅ​ជួប​ជាមួយ​ប្រជាពលរដ្ឋ ហើយ​កន្លែង​ខ្លះ​គេ​ទារលុយ​ត្រង់ៗ​តែម្តង បើ​ប្រជាពលរដ្ឋ​មិន​ព្រម បង់លុយ​ឲ្យ​ពួកគេ​ទេនោះ គឺ​មន្ទីរ​សុរិយោដី​និង​សំណង់​របស់លោក សូរ សុខ មិន​ខ្វល់ខ្វាយ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ឲ្យ​ទេ​។​

 

​សូម្បីតែ​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ព្រែក​ទប់ រាប់រយ​គ្រួសារ ក៏បាន​ប្រតិកម្ម​ចំពោះ មន្ត្រី​ជំនាញ​សុរិយោដី​របស់លោក សូ សុខ ដែល​បាន​ចុះទៅ​ប្រមូល​លុយ ពី​ប្រជាពលរដ្ឋ​ថ្លៃ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ បន្ទាប់ពី​រាជរដ្ឋាភិបាល​បានចេញ​គោលការណ៍ អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​នៅ តំបន់​ព្រែក​ទប់ មាន​សិទ្ធិ​កាន់កាប់​អាស្រ័យ​ផល​លើដី​របស់​ពួកគេ ដោយ​ស្របច្បាប់​។ ប៉ុន្តែ​មកដល់ពេលនេះ ក៏​មិនទាន់​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ ស្របច្បាប់​នៅឡើយ​ដែរ មិនដឹង​ជា​ថ្ងៃ​ណា ហើយ​នៅពេល​ឆាប់ៗ​នេះ ប្រជាពលរដ្ឋ​គ្រោង​នាំគ្នា​ទៅ​សួរ​លោក សូ សុខ ថា​តើ​ប័ណ្ណកម្មសិទ្ធិ​របស់​ពួកគាត់ ដែល​បាន​បង់លុយ​រួចហើយនោះ ថ្ងៃ​ណា​ទើបបាន​យកមកប្រើ​ប្រាស់​ជា​ផ្លូវការ​។​

 

​ប្រជាពលរដ្ឋ​បាន​លួច​បង្ហើប​ទៀតថា បើ​ចង់បាន​ប័ណ្ណកម្មសិទ្ធិ យកមកប្រើ​ប្រាស់​ប្រជាពលរដ្ឋ ទៅ​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ជំនាញ សុរិយាដី​របស់លោក សូ សុខ ហើយ​មានការ​តម្រូវ ឲ្យ​ប្រជាពលរដ្ឋ​បង់លុយ ចាប់ពី ១២០០​ដុល្លារ រហូតដល់​រាប់ម៉ឺន​ដុល្លារ អាស្រ័យ​ទៅតាម​ទំហំ​ដី​តូច​ឬ​ធំ ហើយ​តម្លៃ​សេវា​ដ៏​ខ្ពស់កប់ពពក​បែបនេះ សម្រាប់តែ​ដី​នៅក្នុង​ក្រុង និង​ដី​តាម​ទីប្រជុំជន​ស្រុក​។ ក្នុង​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ នាពេល​បច្ចុប្បន្ននេះ មាន​ប្រព័ន្ធគ្រប់គ្រង​តាមបែប ក្រុមហ៊ុន​អាជីវកម្ម​ផ្តាច់មុខ​មួយ ដោយ​ជ្រក​ក្រោម​ស្លាក​រដ្ឋ ព្រោះថា​ក្នុង​មន្ទីរ​មួយ​នេះ មានការ​ចាត់តាំង​ឲ្យ​មន្ត្រី​ចាំ​គាប​ជំរិត យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​ទៅសុំ​ច្បាប់​សាងសង់ ឬ​ទៅសុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​។​

 

​ប្រជាពលរដ្ឋ​ដែល​ធ្លាប់ធ្វើ ប័ណ្ណកម្មសិទ្ធិ​បាន​បង្ហើប​ឲ្យ​ដឹងថា តាម​តម្លៃ​ហាងឆេង​ផ្ទេរសិទ្ធិ ទិញ​លក់​ដី​តម្លៃ​ទាប​បំផុត​គឺ​ត្រឹម ១២០០​ដុល្លារ រហូតដល់​រាប់ម៉ឺន​ដុល្លារ ហើយ​តម្លៃ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ស្របច្បាប់​មាន​ចាប់ពី ៣​ពាន់​ដុល្លារ ដល់​រាប់ម៉ឺន​ដុល្លារ ហើយ​តម្លៃ​បែបនេះ គេ​គិតតែ​សេវា​ដីធ្លី​ទាំងឡាយណា ដែលមាន​លក្ខណៈ​ស្របច្បាប់ គ្មាន​ការ​ប្តឹងផ្តល់​តាមផ្លូវ​តុលាការ​។ ចំពោះ​ការធ្វើ​ប័ណ្ណកម្មសិទ្ធិ លើដី​មិន​ស្របច្បាប់ ដូចជា​ប័ណ្ណកម្មសិទ្ធិ សម្រាប់​ដី​លើ​ចំណី​អូរ ចំណី​សមុទ្រ ដីព្រៃ​លិច​ទឹកជា​ដើម គឺ​បង់​ក្នុង​កម្រិត​ខ្ពស់ ១​គុណ​នឹង​៥​ឯណោះ បើទោះបីជា​តំបន់​ខ្លះ រដ្ឋ​បាន​ហាមឃាត់​មិន​ឲ្យ មាន​ការធ្វើ​កម្មសិទ្ធិ​ឲ្យ​ឯកជន ក៏​លោក សូ សុខ អាច​សម្របសម្រួល​ធ្វើបាន​ទាំងអស់ ឲ្យ​តែមាន​លុយ​បង់​ជូន​គាត់ ហើយ​កន្លងមក​រាជរ​ដ្ឋា​ភិ​បាល ក៏​ធ្លាប់បាន​មោ​ឃៈ​ចោល​នូវ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ដែល​ចេញ​ដោយ​លោក សូ សុខ ផងដែរ​។​

10-12-2013

​ក្រោម​ការដឹកនាំ​របស់​លោក សូ សុខ អស់​រយៈពេល​៣​អាណត្តិ​មកនេះ គេ​សង្កេតឃើញថា មន្ទីរ​សុរិយោដី និង​សំណង់​ខេត្ត​ព្រះសីហនុ បាន​ក្លាយទៅជា​ក្រុមហ៊ុន​ឯកជន អាជីវកម្ម​ផ្តាច់មុខ រង់ចាំ​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ ដែល​មក​ស្នើសុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ឬ​ស្នើសុំ​ឯកសារ​ផ្សេងៗ ហើយ​សម្រាប់​ការបញ្ជូន​ឯកសារ ឲ្យ​ថ្នាក់លើ​ពិនិត្យ​និង​សម្រេច បើ​ឯកសារ​ណាមួយ មិនមាន​ភ្ជាប់​ប្រាក់​ទេនោះ ថ្នាក់លើ​ក៏​មិន​ពិនិត្យ​ដែរ​។ ជាធម្មតា​ប្រជាពលរដ្ឋ​ទៅធ្វើ​ប័ណ្ណកម្មសិទ្ធិ ឬ​ស្នើសុំ​ផ្ទេរកម្មសិទ្ធិ ជួប​ផល​លំបាក​យ៉ាងខ្លាំង ប៉ុន្តែ​សម្រាប់​អ្នកមាន​លុយ មានអំណាច​ទទួលបាន​ការយោគយល់​ពី​លោក សូ សុខ ឲ្យ​តែ​បង់លុយ​គ្រប់​ចំនួន ទោះជា​ដីព្រៃ​លិច​ទឹក ដី​ចំណី​សមុទ្រ ឬ​ដី​មានទំនាស់ ក៏​ពួកគេ​អាចធ្វើ​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published