ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលក្មេងប្រុសម្នាក់បានរងរបួសធ្ងន់ ខណៈដើរឆ្លងផ្លូវចេញពីសាលារៀន។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ១០ នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
កុមារារងគ្រោះឈ្មោះ ហេង រក្សា អាយុ៧ឆ្នាំ ជាកូនពៅគេក្នុងចំណោមបងប្អូន៥នាក់ រស់នៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដែលមានម្តាយឈ្មោះ ឈន រិ អាយុ៤៥ឆ្នាំ និងឪពុកឈ្មោះ សុខ ម៉េង អាយុ ៣៩ឆ្នាំ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កុមាររងគ្រោះបានចេញពីរៀននៅសាលាបឋមសិក្សាអនុវត្ត ក្នុងវិទ្យាល័យព្រះបាទសុរាម្រិត ហើយបានដើរឆ្លងផ្លូវជាតិពីកើតទៅលិច ស្រាប់តែមានរថយន្តម៉ាកសាំងយ៉ុង ពណ៌សំបកឪឡឹកមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2I-3035 បើកបរដោយឈ្មោះ គ្រី សុខនី អាយុ២៧ឆ្នាំ រស់នៅភូមិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកបរយ៉ាងលឿនពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុក៏បានបុកកុមារារងគ្រោះពេញទំហឹងប៉ើងធ្លាក់ចូល ក្រោមរថយន្ដ បណ្តាលឲ្យរងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង និងបែកក្បាល ។
ក្រោយពេលកើតហេតុ ក្រុមគ្រួសារបានដឹកកុមារារងគ្រោះតាម ម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ ចំណែករថយន្ត និងអ្នកបើកបរត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕