រាធានីភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស ៥ នាក់បានរងរបួសធ្ងន់ និងស្រាល ក្នុងនោះមានជនជាតិបរទេស២នាក់ និងជនជាតិខ្មែរ៣នាក់ ខណៈដែលយុវជនម្នាក់បើកបររថយន្ដមួយគ្រឿងក្នុងសភាពស្រវឹងស្រា ជោកជាំបានជ្រុលទៅបុករះម៉ូតូ៥គ្រឿងដែលចតស្ងៀមលើចិញ្ចើមផ្លូវ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅចំណុចផ្លូវលេខ១៣០ ក្នុងសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ ។
រថយន្ដបង្កម៉ាករេហ្វរពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Q-1738 បើក បរដោយយុវជនម្នាក់ឈ្មោះ ជា ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិក រោងចក្រកាត់ដេរ ស្នាក់នៅផ្ទះលេខ៩២ ផ្លូវលេខ៣១៥ ក្នុងសង្កាត់បឹងកក់២ ខណ្ឌ ទួលគោក ។ ចំណែកឯម៉ូតូដែលរងគ្រោះខាង លើនេះទី១-ម៉ូតូសណ្ដោងរ៉ឺម៉ក ទី២-ម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1R-2847 ជារបស់ឈ្មោះ ម៉ែន កន ភេទប្រុស អាយុ៣៧ឆ្នាំ ទី៣-ម៉ូតូសង់ កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ទី៤-ម៉ូតូយ៉ាម៉ាហាមីអូរ ពណ៌ក្រហមលាយ ខ្មៅ ទី៥-ម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល និងមួយគ្រឿង ទៀតប្រភេទម៉ូតូធុនធំ ពណ៌ខ្មៅ ។
តាមប្រភពព័ត៌មានពីកន្លែងកើតបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនដែលបើករថយន្ដបង្ក ខាងលើនេះបានធ្វើដំណើរតាមផ្លូវលេខ ១៣០ ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ។ លុះជិះមកដល់ចំណុចកើតខាងលើបានជ្រុលទៅបុករះម៉ូតូ៥គ្រឿងដែលចតចោលនៅលើចិញ្ចើញផ្លូវបណ្ដាលឱ្យរងខូចខាតទាំងស្រុង ហើយភ្លាមនោះយុវជនដែលបើករថយន្ដបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បែរជាថយរថយន្ដបម្រុងនឹងបើករត់គេចខ្លួននោះបានជ្រុលទៅបុករ៉ឺម៉កម៉ូតូមួយគ្រឿងទៀត ដែលមានភ្ញៀវជនជាតិបរទេស២និងជនជាតិ ខ្មែរ៣នាក់ ដែលជិះលើរ៉ឺម៉កម៉ូតូនោះបណ្ដាលឱ្យរបួសធ្ងន់ និងស្រាលតែម្ដង ។
ក្រោយកើតហេតុយុវជនបង្កបានបើករថយន្ដរត់គេចរហូត មកដល់មុខប៉ុស្ដិ៍នគរបាលស្រះចកក៏ត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋចាប់បានហើយវាយយុវជនបង្កនោះម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួន តែសំណាងល្អបានសមត្ថកិច្ចឃាត់ខ្លួនយុវជនរូបនោះយកមក ប៉ុស្ដិ៍ទាន់កុំអីនោះត្រូវប្រជាពលរដ្ឋវាយ ស្លាប់បាត់ទៅហើយ ។
បន្ទាប់មកសមត្ថកិច្ចជំនាញបានយករថយន្ដបង្កហេតុនិងម៉ូតូដែលរងគ្រោះ យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់មកដោះស្រាយតាមក្រោយ៕