ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងការលបឡើងលើផ្ទះជនរងគ្រោះទាំងយប់ប៉ុនប៉ងចាប់រំលោភតែមិនបានសម្រេចដូចបំណង ។ ការឃាត់ខ្លួននេះនៅវេលាម៉ោងប្រមាណ ១០ យប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៣ នៅផ្ទះជនរងគ្រោះក្នុងភូមិដងរុនលិច ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ទន ពលរិទ្ធ ភេទប្រុសអាយុ៣៥ឆ្នាំ ដែលមានទីលំនៅក្នុងភូមិជាមួយគ្នានឹងជនរងគ្រោះ (ពោលក្បែររបងគ្នា) ។ ចំណែកជនរងគ្រោះមានអាយុ ១៥ឆ្នាំ ស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
តាមការរៀបរាប់ពីកុមារីដែលជាជនរងគ្រោះបានឲ្យដឹងថា ខណៈពេលដែលខ្លួនកំពុងដេកលក់ស្រាប់តែមានគេមកចាប់ឱបខ្លួន ពេលនោះខ្លួនក៏ភ្ញាក់ហើយធាក់មួយជើងទៅលើជនសង្ស័យ ហើយប្អូនប្រុសរបស់ខ្លួនឈ្មោះ ធ.ច.រ៉ បានស្ទុះរត់ទៅបើកភ្លើងបំភ្លឺក៏ឃើញជនសង្ស័យកំពុងតែស្ទុះរត់ចុះមកដីវិញ ហើយក៏ស្រែកផ្អើលអ្នកជិតខាងឲ្យជួយ។ កុមារីរងគ្រោះបានបន្តឲ្យដឹងទៀតថា ពួកខ្លួននៅតែ២នាក់បងប្អូនដោយឪពុកម្ដាយចេញទៅរកស៊ីនៅប្រទេសថៃ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា ខ្លួនគេមានបំណងប៉ងចាប់រំលោភកុមារីរងគ្រោះខាងលើយូរណាស់មកហើយតែ គ្មានឱកាសល្អ ដោយឪពុកម្ដាយក្មេងស្រីរងគ្រោះមិននៅខ្លួនក៏ធ្វើសកម្មភាពលបឡើងចូល ផ្ទះដើម្បីចាប់រំលោភតែបែរជាមិនបានសម្រេចក៏ត្រូវប៉ូលិសចាប់ខ្លួន៕