រាធជានីភ្នំពេញ ៖ ជនសង្ស័យចំនួន ៤ នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធ និងករណីលួងលោមនាំនារីក្រមុំជនជាតិខ្មែរទៅរៀបការ និងលក់ដូរនៅប្រទេសចិន ។ ករណីឃាត់ខ្លួននេះធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣ ខណ:ជនសង្ស័យទាំងនេះ កំពុងនាំនារីរងគ្រោះ ដល់ព្រលានយន្តហោះ ត្រៀមឡើងទៅប្រទេសចិននោះ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្នោះ ទី១ ឈ្មោះ ឃាង សោភា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅ ភូមិស្វាយរមាស ឃុំវិហារសួរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទី២ឈ្មោះ ឃាង សេងលី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាកសិករ រស់នៅក្នុង ភូមិជាមួយ ជនសង្ស័យខាងលើ ទី៣ ឈ្មោះ ឌឿក ម៉េត ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រិច ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងទី៤ ជនសង្ស័យជាជនជាតិចិន មានឈ្មោះ Liu Shiping មុខរបរលក់ដូរ កាន់លិខិតឆ្លង ដែនលេខ E25783445 រស់នៅប្រទេសចិន ។
ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចជួយសង្គ្រោះនារី ទាំង៣នាក់ យកមកសួរនាំ និងបានអនុញ្ញាត ឲ្យត្រឡប់ទៅដោយសារតែពួកគេក៏ចាញ់បោកមេខ្យល់ ។ ចំពោះជនសង្ស័យទាំង ៤ នាក់ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕