ប្រទេសចិន ៖ រូបសំណាក់លោក ម៉ៅ សេទុង ដែលធ្វើឡើងពីមាសសុទ្ធ ទម្ងន់ ៥០គីឡូក្រាម និងបានដាក់តាំងនៅឯកម្មវិធី ពិព័ណ៌សិល្បៈ ក្នុងទីក្រុង Shenzhen ប្រទេសចិនមានកម្ពស់៨០សង់ទីម៉ែត្រ បានចំណាយអស់ប្រាក់ ១រយលានយ័ន ឬជាង១៦លានដុល្លារអាមេរិក។ យោងតាមប្រភពព័ត៌មានពីគេហទំព័រមួយឈ្មោះ The Raw Story ដែលបានចុះផ្សាយកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ ម្សិលមិញនេះ។
រូបសំណាក់លោក ម៉ៅ សេទុង ដែលអង្គុយលើកៅអីទ្រេតនោះ ត្រូវបានគេបង្ហាញឱ្យដឹងថា វាបង្កើតឡើងសម្រាប់អបអរថ្ងៃខួបកំណើតលើកទី១២០ របស់លោក ម៉ៅ សេទុង នៅថ្ងៃទី២៦ ខែធ្នូ ខាងមុខនេះតែប៉ុណ្ណោះ។
លោក ម៉ៅ សេទុង គឺជាមនុស្សដ៏មានឥទ្ធិពលបំផុតក្នុងប្រទេសចិន ជាពិសេសគឺការដឹកនាំបក្សកុំម្មុយនីស្តឆ្ពោះទៅរកភាពជោគជ័យយ៉ាងធំធេង ក្នុងប្រវត្តិសាស្ត្ររហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។ លោកបានកើតនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៨៩៣ នៅក្នុងទីក្រុង Shaoshan ប្រទេសចិន និងបានស្លាប់នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៧៦ នៅក្នុងទីក្រុងប៉េកាំងប្រទេសចិន។
ទោះបីជាយ៉ាងណា រូបសំណាក់លោក ម៉ៅ សេទុង ដែលធ្វើឡើងពីមាសសុទ្ធទំងន់ ៥០គីឡូក្រាមនេះ បានបង្កើតឡើងដោយវិចិត្រករចំនួន ២០រូប និងចំណាយពេលអស់ ៨ខែឯណោះ ទើបសម្រេចបានលទ្ធផលជាស្ថាពរ។
យ៉ាងណាមិញ ក្រោយពីបញ្ចប់ការដាក់តាំង នៅក្នុងកម្មវិធីពិព័ណ៌សិល្បៈ ក្នុងទីក្រុង Shenzhen រួចហើយ រូបសំណាក់លោក ម៉ៅ សេទុង នឹងត្រូវដឹកជញ្ជូនទៅទីក្រុង Shaoshan ដែលជាទីកន្លែងកំណើតរបស់លោកវិញ៕